ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដង្កោ រងការចោទថា អនុញ្ញាតឲ្យពលរដ្ឋ​សង់ផ្ទះលើចំណីផ្លូវមាត់ប្រឡាយ

ភ្នំពេញ: ប្រជាពលរដ្ឋភូមិពោធិ៍រលំមួយចំនួនបានប្រតិកម្មនិងអាជ្ញាធរខណ្ឌដង្កោ ក្រោយពីមានសំណង់ផ្ទះមួយកន្លែងផុសត្រដែតនៅលើចំណីផ្លូវមាត់ប្រឡាយ ដែលជាដីរបស់រដ្ឋ។

អាជ្ញាធរសង្កាត់សាក់សំពៅបានលើកឡើងថា សំណង់នេះ ពួកគាត់បានហាមដែរ ជាមួយសាលាខណ្ឌ តែហាមមិនស្ដាប់។

ប្រជាពលរដ្ឋបានចាត់ទុកថា ការលើកឡើងរបស់អាជ្ញាធរសង្កាត់សាក់សំពៅ និងខណ្ឌដង្កោជាការដោះសារ ដោយពួកគាត់ពន្លយពាក្យថា បើគ្មានការបើកដៃពីអាជ្ញាធរ នោះអ្នកល្មើសច្បាប់មិនហ៊ានទេ ។

ប្រជាពលរដ្ឋបានលើកឡើងថា សំណង់ផ្ទះស្ថិតនៅចំណីផ្លូវមាត់ប្រឡាយនេះបង្កផលប៉ះពាល់ជាច្រើន ដូចជា បង្ហូរទឹកកខ្វក់ចូលក្នុងប្រឡាយ រួមទាំងប្រឈមនឹងការបាក់ស្រុតជាដើម ។

ទាក់ទិនទៅនិងផ្ទះសាងសង់លើផ្លូវនេះ ត្រូវបានអ្នកភូមិប្រាប់ថា ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់៧មករា ជិតក្លោងទ្វារវត្ត រតនតេជ: ហៅវត្តកំពង់ក្តុល ភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលតាំងពីបុរាណមក មិនមានផ្ទះឡើយ ទើបតែ៥ទៅ៦ខែ ឆ្នាំ២០១៦នេះប៉ុណ្ណោះ ទើបមានផ្ទះសាងសង់រួច ដោយគេអះអាងថា មានមន្រ្តីយោធាម្នាក់ពាក់ព័ន្ធផងដែរ។

លោក នុត ពុតដារ៉ា អភិបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា លោករវល់ដឹកនាំប្រជុំ ដូចនេះលោកអភិបាលប្រគល់ការបកស្រាយទៅលោក ជ គឹមស៊ អភិបាលរង។

លោក ជ គឹមស៊ បានប្រាប់តាមទូរស័ព្ទថា បញ្ហាសំណង់ស្ថិតនៅលើចំណីមាត់ប្រឡាយដែលជាដីរបស់រដ្ឋ បានកើតឡើងមុនលោកមកទទួលភារកិច្ចជាអភិបាលរងនៅខណ្ឌដង្កោម្លេះ ដោយលោកបានបញ្ជាក់ថា សំណង់ហ្នឹងមានការហាមឃាត់ពីភូមិសង្កាត់ និងខណ្ឌផងដែរ តែដូចដេញរ៉ុយអ៊ីចឹង និងមានការលក់ផ្លាស់ប្តូរម្ចាស់ទៀតផង។

លោកអភិបាលរងបញ្ជាក់ថា បើមានការចូលរួមពីមេភូមិចៅសង្កាត់ក្នុងការទប់ស្កាត់ វាមិនអាចកើតឡើងបានទេ ពីព្រោះមិនមែនសាងសង់មួយម៉ោង ឬ១ថ្ងៃហើយទេ។ ឥឡូវលោកអភិបាលរងកំពុងប្រមូលឯកសារភូមិបាល ដែលទាក់ទងទៅនិងសំណង់ ដើម្បីសុំ ស.ជ.ណ រុះរើចេញពីផ្លូវវិញ តែមិនបានបញ្ជាក់ពេលវេលាកំណត់នៅឡើយទេ៕

home

មតិយោបល់