ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសក្រុមជួញដូរគ្រឿងញៀនដាក់ពន្ធនាគារអស់មួយជីវិត​៤នាក់​ និង៥ឆ្នាំម្នាក់

ភ្នំពេញៈ ក្រោយពីបើកសវនាការសាកសួរដេញដោលអស់២លើក និងពន្យាពេលប្រកាសសាលក្រមច្រើនដងរួចមក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ពេជ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៃសំណុំ រឿងឧក្រិដ្ឋកម្មផលិត និងជួញដូរគ្រឿងញៀន (មេតំហ្វេតាមីន កញ្ឆាក្រៀម ថ្នាំគ្រាប់ប្រភេទWY និងម្ស៉ៅគីមីផលិតគ្រឿងញៀន) ជិត៥៥គីឡូក្រាមនោះហើយ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទដូចខាងក្រោម៖

-ទី១ ឈ្មោះ ផល រ៉ានី ហៅខេខេ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់រយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ ចូលរួមក្នុងក្រុមឧក្រិដ្ឋជនគ្រឿងញៀន យោងតាមមាត្រា៣៥៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

-ទី២ ឈ្មោះ លីវ សឺ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ

-ទី៣ ឈ្មោះ លី យ៉ុង ហៅចៃ ជនជាតិចិន

-ទី៤ ឈ្មោះ តឹង យ៉ាងភីង ជនជាតិចិន

-ទី៥ ឈ្មោះ ដាំ ញ៉ា ហៅខេន ជនជាតិខ្មែរ (រត់គេចខ្លួន) ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់កនុងម្នាក់ៗ ៦០លានរៀលចូលជាថវិការដ្ឋក្រោមបទចោទប្រកាន់ ផលិត កែច្នៃ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៣៩ និង៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តុលាការក៏បានសម្រេចចេញដីកាតាមចាប់ខ្លួនជនជាប់ចោទឈ្មោះ ដាំ ញ៉ា និងសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់ជនជាប់ចោទឈ្មោះ ដាំ ញ៉ា ដូចជា ផ្ទះមួយល្វែងនៅសង្កាត់បឹងកេងកង ដីជាងមួយហិកតា នៅខេត្តស្ទឹងត្រែង ដាក់ជាសម្បត្តិរដ្ឋ។

តុលាការសម្រេចដកហូតលុយនៅក្នុងគណនីធនាគាររបស់ជនជាប់ចោទឈ្មោះ លីវ សឺ ជាង២០ម៉ឺន ដាក់ជាសម្បត្តិរដ្ឋផងដែរ។

នៅក្នុងសវនាការកាលពីពេលកន្លងទៅជនជាប់ចោទឈ្មោះ លី យ៉ុង ហៅចៃ និងជនជាប់ចោទឈ្មោះ តឹង យ៉ាងភីង បានបដិសេធថា ពួកគេមិនបានដឹងរឿងអ្វីទាំងអស់ ហើយពួកគេក៏សុំច្រានចោលចម្លើយកាលពីពេលកន្លងទៅផងដែរ។

ជនជាប់ចោទឈ្មោះ ផល រ៉ានី ហៅខេខេ បានបដិសេធរាល់ចម្លើយនៅគ្រប់ដំណាក់កាលទាំងអស់ (តំណាក់កាលនគរបាលយុត្តិធម៌ តំណាក់កាលតំណាងអយ្យការ និងតំណាក់កាលចៅក្រមស៊ើបសួរ)។ ជនជាប់ចោទបន្តថា ខ្លួនបានស្គាល់ឈ្មោះ ដាំ ញ៉ា ហៅខេន (ជាជនជាប់ចោទដែរ) នៅហាងលក់បាយរបស់ខ្លួននៅម្តុំផ្សារដើមថ្កូវ រហូតរស់នៅជាមួយគ្នាលួចលាក់ មិនឲ្យឈ្មោះ លីវ សឺ (ជាជនជាប់ចោទដែរ) ជាប្រុសស្នេហ៍មុន។

នៅពេលរស់នៅជាមួយគ្នាបានបន្តិចមកឈ្មោះ ដាំ ញ៉ា បានឲ្យខ្លួនទៅជួលផ្ទះមួយកន្លែងនៅខណ្ឌឫស្សីកែវ ដោយឲ្យខ្លួនជាអ្នកឈរឈ្មោះជួលជំនួស ដោយទទួលបានលុយ៥០០ដុល្លារជាអំណោយប្រចាំខែចំពោះការជួយជួលផ្ទះ និងរស់នៅជាមួយគ្នា។ ក្រោយពីជួលផ្ទះបានហើយខ្លួនបានប្រគល់សោផ្ទះជួលឲ្យទៅឈ្មោះ ដាំ ញ៉ា ទាំងអស់ នៅពេលកើតរឿងទើបដឹងថា ផ្ទះនោះឈ្មោះ ដាំ ញ៉ា យកធ្វើជាកន្លែងផលិត និងរក្សាទុកគ្រឿងញៀន។

ដោយឡែកជនជាប់ចោទឈ្មោះ លីវ សឺ បានឆ្លើយថា រូបគេត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងរឿងប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់។

ជនជាប់ចោទបន្តថា ក្រោយមករូបគេត្រូវបានបញ្ជូនមកពន្ធនាគារព្រៃសវិញ ដោយសារសមត្ថកិច្ចបានរកឃើញគ្រឿងញៀននៅផ្ទះជួលរបស់គេនៅម្តុំភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។ ទោះជាយ៉ាងណា ជនជាប់ចោទបានបដិសេធរាល់ចម្លើយនៅគ្រប់តំណាក់កាល (តំណាក់កាលនគរបាលយុត្តិធម៌ តំណាក់កាលតំណាងអយ្យការ និងតំណាក់កាលចៅក្រមសើុបសួរ) ផងដែរដោយអះអាងថាខ្លះនមិនបានប្រព្រឹត្តដូចការចោទប្រកាន់។ ជនជាប់ចោទបានទទួលស្គាល់ថា រូបគេ និងឈ្មោះ ផល រ៉ានី ហៅខេខេ ពិតជាមានគណនីធនាគារចិនម្នាក់មួយមែនដោយ គណនីនោះពួកគេប្រើប្រាស់សម្រាប់ទទួលលុយពីឈ្មោះ ភីង ជាជនជាតិចិនតៃវ៉ាន់ ដែលរកស៊ីទិញដីនៅស្រុកខ្មែរ។

យោងតាមការអះអាងរបស់លោក សាន បុធី អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា មុនពេលប្រមូលបានឧក្រិដ្ឌជនជួញដូរគ្រឿងញៀនឆ្លងប្រទេសមួយក្រុមនេះបាន គឺសមត្ថកិច្ចជំនាញបានប្រើប្រាស់កម្លាំងបង្កប់ឈ្មោះ A05 02 ឱ្យរកស៊ីជាមួយឈ្មោះ លីវ សឺ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ក្រុមគេនេះត្រូវសមត្ថកិច្ចចាប់បាននៅខេត្តស្ទឹងត្រែង ទើបរូបលោក បានស្នើទៅថ្នាក់លើសុំយកឈ្មោះ A0502 មកវិញព្រោះជាកម្លាំងសម្ងាត់ រហូតបានស្រាវជ្រាវឈានដល់ឃាត់ខ្លួនឈ្មោះ ផល រ៉ានី ហៅខេខេ នៅខេត្តស្ទឹងត្រែង និងបក្ខពួកម្នាក់ទៀតនៅខេត្តកំពត។ លោកបន្តថា ក្រោយមកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ សមត្ថកិច្ចលោកបានសុំការសម្របសម្រួលពីលោក អ៊ុ សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភនំពេញបាន ចុះឆែកឆេរផ្ទះលេខC19 ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ជាផ្ទះឈ្មោះ លីវ សឺ និងឈ្មោះ ផល រ៉ានី ហៅខេខេ ជួលរស់នៅ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតសៀវភៅកត់កំណត់ហេតុលក់ទិញគ្រឿងញៀនរបស់ឈ្មោះ លីវ សឺ ចំនួន៤ក្បាល និងទូដែកសម្រាប់ដាក់គ្រឿងញៀនចំនួន ១ ដែលមានផ្ទុកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន ៣២គីឡូក្រាម គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន និងគ្រឿងញៀនប្រភេទថ្នាំគ្រាប់ចំនួន ១៦គីឡូក្រាម។ ក្រោយពីឃាត់ខ្លួន និងប្រមូលវត្ថុតាងអស់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

https://youtu.be/QOl8VEKTc1o

photo_2016-09-20_17-32-53photo_2016-09-20_17-32-51photo_2016-09-20_17-32-48photo_2016-09-20_17-32-55

មតិយោបល់