សៀមរាបៈ បុរសម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រចាំគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅក្នុងពន្ធនាគារខេត្តសៀមរាប ពីបទជួញគ្រឿងញៀន។
ការចុះអនុវត្តដីកានេះ ធ្វើឡើង នៅវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងពន្ធនាគារខេត្តសៀមរាប ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
តាមប្រភពពីកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ហុង ប៊ុនរ៉ា ហៅគុជ ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពដដែល បានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ដោយសមត្ថកិច្ចនគរបាលអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ២០៩ របស់លោក រ៉ែម សុភក្តិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទ រក្សាទុកជួញដូរខុសច្បាប់នូវសាធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិគរ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បច្ចុប្បន្នសំណុំរឿង របស់ជនសង្ស័យត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់