ភ្នំពេញៈ ទន្ទឹមនឹងការស្រវាស្រទេញសំដៅវត្តវ៉ាក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តារាចម្រៀងនាងសុខ ចិន្តា ហៅវ៉ានីឡា ក៏បានប្រកាសទៅដើរកម្សាន្តនៅក្នុងប្រទេសចិនក្នុងរយៈពេលនេះដូចគ្នាផងដែរ ដើម្បីទៅលម្ហែកាយនៅក្រៅប្រទេស។ នាងនឹងទៅប្រទេសចិនចំនួន៤ថ្ងៃ ដើម្បីត្រលប់មកប្រារព្ធពិធីភ្ជុំបិណ្ឌជួបជុំគ្រួសារ។
វ៉ាន់នីឡា ដែលអ្នកណាក៏ស្គាល់ថាជាសមាជិកម្នាក់ក្នុងគ្រុប«គ្រួសារតារាកម្ពុជា» និងត្រូវបានតារាសិល្បៈក្នុងគ្រុបមួយនេះប្រមូលស្នាមមេដៃទាមនូវយុត្តិធម៌ជួយនាងរឿងទម្លាយរូបអាក្រាតបានអះអាងថា នៅថ្ងៃទី២២ កញ្ញានេះនាង និងចេញទៅកម្សាន្តនៅក្នុងប្រទសចិនចំនួន៤ថ្ងៃ ដោយគម្រោងត្រលប់មកវិញនៅថ្ងៃទី២៦ កញ្ញាខាងមុខ។ នាងថាគម្រោងទៅលេងប្រទេសចិននេះ គឺនាងទៅជាមួយមិត្តភ័ក្ត្រ និងទៅតាមរយៈក្រុមហ៊ុនទេសចរណ៍ដើម្បីដើរលេងក្នុងឱកាសបុណ្យភ្ជុំ។
នាងថាគម្រោងដើរលេងរយៈពេល៤ថ្ងៃនៅក្នុងប្រទេសចិន នឹងមិនប៉ះពាល់ចំពោះពាក្យបណ្ដឹងទៅលើអតីតសង្សារដែលស្ថិតនៅក្នុងរបងតុលាការនោះឡើយ ដោយសារតែក្នុងអំឡុងដែលនាងចេញទៅលេងប្រទេសចិននោះ គឺបានទទួលដំណឹងថាមិនមានការកោះហៅណាមួយពាក់ព័ន្ធនឹងនាងដែលនាំឲ្យរាំងស្ទះដល់និតិវិធីតុលាការ។ នាងថារហូតទាល់តែនាងត្រលប់មកវិញ ប្រហែលជាការកំណត់ឲ្យចូលបំភ្លឺជាថ្មីរបស់តុលាការមិនទាន់ដល់ផង ទើបនាងសម្រេចថាដើរលែង៤ថ្ងៃអត់មានប៉ះពាល់ដល់បណ្ដឹង។ នាងនិយាយថា«លូវនឹងអត់ទាន់ដឹងថាតុលាការឲ្យចូលខ្លួនថ្ងៃណាទៀតទេ ប៉ុន្តែតាមដឹងខ្ញុំមកវិញច្រើនថ្ងៃទៀតទើបតុលាការគាត់ហៅឲ្យចូល ចឹងដើរលេងសិន ទាន់មិត្តភ័ក្រ្តគាត់បបួលទៅលេង ណាមួយចង់ស្គាល់ស្រុកចិនផង!»។
វ៉ានីឡា ប្រកាសថានឹងដើរកម្សាន្តឲ្យល្ហើយខួរក្បាល ប៉ុន្តែមិនមានគម្រោងទៅចាយលុយខ្ជះខ្ជាយនៅក្នុងប្រទេសទំនើបនោះទេ ជាពិសេសគឺការដើរទិញទំនិញប្រេនៗដែលនាងយល់ថាមិនមានប្រយោជន៍សម្រាប់ការចំណាយនោះ។ នាងគម្រោងត្រលប់មកវិញនៅថ្ងៃទី២៦ កញ្ញា ហើយក៏មិនមានគម្រោងបន្តទៅលេងឯណាទៀតដែរ ដោយសារតែនាងនៅចង់មកភ្ជុំជួបជុំគ្រួសារក្រោយ ពេលមកដល់ស្រុក៕
មតិយោបល់