កំពង់ធំៈ កូនឈើប្រណីតជាច្រើនប្រភេទ ត្រូវបានដាក់ដាំជុំវិញទីបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ ដើម្បីចូលរួមស្តារឡើងវិញនូវភាពរិចរិលនៃព្រៃឈើ ក៏ដូចជាការថែរក្សានូវបរិស្ថាន ឲ្យមានសោភ័ណភាពស្រស់បំព្រងប្រកបដោយធម្មជាតិពណ៌ខៀវ។
ពិធីដាំកូនឈើនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០១៦ លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកម្លាំងប្រមាណ៥០នាក់ បានដាក់ដាំកូនឈើប្រភេទឈើ ដើម ធ្នង់ បេង គគីរ និងឈើទាល នៅតាមផ្ទៃដីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ការដាំកូនឈើនេះ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងកែលម្អសោភ័ណភាពក្នុងទីតាំងបន្ទាយ ហើយជំរុញឲ្យកងកម្លាំទាំងអស់ស្រឡាញ់ព្រៃឈើ ផ្សាភ្ជាប់និងបរិស្ថាន បង្កើនការដាំដុះព្រៃឈើឡើងវិញ នៅតាមមូលដ្ឋាន ក៏ជាគំរូល្អសម្រាប់កងកម្លាំង និងប្អូនជំនាន់ក្រោយ ដែលបានសាងទុកនូវសមិទ្ធផល ដែលជាស្នាដៃបងៗជំនាន់មុន។
ក្នុងនោះដែរ លោកក៏បានសំណូមឲ្យកងកម្លាំងទាំងអស់ សហការជាមួយសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន ជួយការពារទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ ដែលបានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់៕
មតិយោបល់