ភ្នំពេញៈ ក្រោយពីពិធីចុះហត្ថលេខាកាលពីយប់ថ្ងៃទី១៦ សីហា រវាងក្រុមហ៊ុនស្មាត និង អង្គការយូណេស្កូ លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានប្រកាសភ្លាមថា MOU រវាងភាគីទាំងពីរនេះជាការរួមចំណែកជួយដល់ក្រសួង និងមានប្រយោជន៍យ៉ាងសំខាន់ក្នុងវិស័យអប់រំនៅ កម្ពុជា។ លោកបានប្រកាសថាតាមរយៈពិធីចុះកិច្ចព្រមព្រៀង (MOU) រយៈពេលវែង គឺនឹងជួយកាន់តែប្រសើរចំពោះកង្វះខាតដ៏ចាំបាច់ក្នុងវិស័យអប់រំនៅកម្ពុជា។
លោកថូម៉ាស ហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា ការចាប់ដៃគូជាមួយអង្គការយូណេស្កូ គឺដោយសារតែយូណេស្កូនាពេលកន្លងមកក៏បានជួយជំរុញដល់វិស័យអប់រំនៅកម្ពុជា ហើយគាប់ជួនជាក្រុមស្មាតក៏មានបំណងដើរលើផ្លូវតែមួយ ក៏សម្រេចធ្វើMOU រូមគ្នាតែម្ដង។ លោកថា MOU ដែលបានធ្វើឡើងមានមានគោលបំណងតែមួយគត់គឺជួយដល់វិស័យអប់រំនៅកម្ពុជា ដូចជាមានជំរុញឲ្យក្រសួងអប់រំនាំយកសិស្សស្រីក្រីក្រដែលត្រូវបានរកឃើញថាបានបោះបង់ការសិក្សាឲ្យត្រលប់មកសិក្សាវិញ អមជាមួយនឹងគម្រោងជួយជំរុញឲ្យសិស្សទទួលបានការសិក្សាឲ្យស្មើភាពគ្នាជាពិសេសសម្រាប់សិស្សនៅក្នុងសហគមក្រីក្រជាដើម។
លោកស្រី Anne Lemaistre ប្រធានអង្គការយូណេស្កូប្រចាំនៅកម្ពុជាបានអះអាងថាការរួមគ្នាជួយដល់ប្រព័ន្ធអប់រំនៅកម្ពុជាគឺជាគម្រោងមួយដ៏ប្រសើរដើម្បីរួមចំណែកជួយជំរុញនូវការលំបាករបស់ក្រសួងអប់រំយុវជន និងកីឡា ។ លោកស្រីឧទាហរណ៍ថា ការអប់រំជាមូលដ្ឋានលើវិស័យ ICTរួមមាន កម្មវិធីនៃការអប់រំជាមូលដ្ឋាន គឺជាអ្វីដែលអង្គការយូណេស្កូ និងក្រសួងធ្វើឡើងដើម្បីជាប្រយោជន៍ដល់សិស្សក្រីក្រ។ ដូច្នេះគឺជាការប្រសើរណាស់ដែលត្រូវបានក្រុមហ៊ុនមួយផ្សេងទៀត បានរួមចំណែកនៅក្នុងវិស័យនេះជាមួយក្រសួងអប់រំ។ លោកស្រីថា នាពេលកន្លងអង្គការយូណេស្កូបានជួយប្រជាជនកម្ពុជាប្រមាណ92.000 នាក់មកហើយឲ្យរៀនអាន និងសរសេរ ជៀសផុតពីអនក្ខកម្មនៅក្នុងប្រទេស៕
មតិយោបល់