កំពង់ឆ្នាំងៈ យុវជនដៃដល់ម្នាក់ ក្រោយពីផឹកទឹកប្តូរនិស្ស័យ រហូតដល់ស្រវឹងធ្វើសកម្មភាពបានកូនកាំបិតកៃ ទៅចាក់លើមនុស្សចំនួន៣នាក់ មានម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការចាប់ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ហើយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោកវរៈសេនីយ៍ទោ ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការបង្ហាញមុខជនល្មើសជាសាធារណៈ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ផៃ សារុន អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ។ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យបានផឹកស្រាថ្នាំជាមួយបងប្រុសបង្កើតរបស់ខ្លួនឈ្មោះ កុយ អស់ស្រា១លីត្រកន្លះ រហូតដល់វេលាម៉ោង១០ព្រឹក ពេលស្រវឹងហើយនោះ ជនសង្ស័យបានដើរទៅ ដល់ក្លោងទ្វារវត្ត រួចបង្ករជម្លោះជាមួយយុវជនឈ្មោះ សំ ចេង និងបានដកកូនកាំបិតកៃ ដែលខ្លួនបានលាក់ទុកក្នុងអាវ មកចាក់ចំកែងដៃឈ្មោះ សំ ចេង បណ្តាលឲ្យរបួសស្រាល ហើយក៏បានមកដេកនៅផ្ទះវិញ។
លុះដល់ម៉ោង២រសៀល ជនសង្ស័យបានទៅលេងក្នុងវត្តកំពង់ត្រឡាចលើ ដែលគេដាក់បិណ្ឌ លេងរាំវង់ ក្នុងពេលនោះ បានផឹកស្រា ជាបន្តបន្ទាប់អស់ច្រើនទៀត។ រហូតដល់វេលាម៉ោង១០យប់ ពេលគេចាក់បទញាក់ ជនសង្ស័យក៏បានចូលរាំ ញាក់ជាមួយគេឯង។ ក្នុងពេលនោះក្នុងវង់រាំក៏មានការវាយតប់គ្នាជាច្រើនគូរ ហើយពេលគេវាយមកលើខ្លួន ជនសង្ស័យក៏បានដកកាំបិតកៃចាក់តបគេវិញតែម្តងរហូត បណ្តាលឲ្យយុវជនរងគ្រោះឈ្មោះ ជឿ ន សុខមឿន ហៅបឿន អាយុ១៦ ស្លាប់ ដោយគេចាក់ត្រូវចំពោះ១កាំបិត និងចំខ្នង បោះដៃផុតធ្លាយដល់សួត១កាំបិតស្លាប់នៅកន្លែងកើតហេតុ និងចាក់ចំយុវជនឈ្មោះ អ៊ិត សុខជា អាយុ១៩ឆ្នាំ រស់នៅភូមិជំទាវសុខ ឃុំច្រេស របួសធ្ងន់ចំ ស្លាបប្រចៀវក្រោយខ្នង២កាំបិត។ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកាំបិតកៃ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនខ្លួនទៅកាន់តុលាការខេត្តនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
មតិយោបល់