(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី២០ ខែកញានេះបានប្រកាសថានឹងបើកទ្វារស្វាគមន៍ឡើងវិញ ចំពោះអ្នកដំណើរតាមផ្លូវអាកាស មកពីប្រទេសចំនួន៣៣ រួមមានចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសអឺរ៉ុបភាគច្រើន ដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ ខណៈវាជាការបន្ធូរបន្ធយវិធានការឹតត្បឹត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឹ COVID-19 ដែលត្រូវបានដាក់ចេញ កាលពីដើមឆ្នាំមុន។
បើតាមសេតវិមាន សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យអ្នកដំណើរតាមអាកាស ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ មកពីប្រទេសចំនួន២៦ ដែលស្ថិតនៅក្នុងតំបន់ Schengen នៅអឺរ៉ុប រួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ស្វីស និងក្រិក ព្រមទាំងចក្រភពអង់គ្លេស អៀរឡង់ ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ និងប្រេស៊ីល ចូលមកកាន់ប្រទេសរបស់ខ្លួនវិញ នៅខែវិច្ឆិកាខាងមុខនេះ។
វិធានការរឹតត្បិតលើពលរដ្ឋដែលមិនមែនជាជនជាតិអាមេរិក ត្រូវបានដាក់ចេញជាលើកដំបូង លើអ្នកដំណើរតាមអាកាសមកពីប្រទេសចិន កាលពីខែមករា ឆ្នាំ២០២០កន្លងទៅនេះ ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយបន្ទាប់មកវាត្រូវបានពង្រីកដល់បណ្ដាប្រទេសរាប់សិបផ្សេងទៀត ដោយគ្មានស្តង់ដាវាយតម្លៃ ថា តើត្រូវដកចេញនៅពេលណា ឬដោយរបៀបណានោះទេ៕
ប្រភព៖ AFP
មតិយោបល់