ព័ត៌មានជាតិ

ក្រសួងការបរទេស បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន

ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) នៅទីស្នាក់ការមជ្ឈមណ្ឌល ARMAC ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ដឹកនាំដោយ លោក ប្រាស៊ីត សាយ៉ាស៊ីត (Prasith Sayasith) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា ដែលជាប្រធាននៃគណៈកម្មាធិការអចិន្រ្ដៃយ៍របស់ ARMAC និងមានការចូលរួមពីតំណាងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាសំខាន់ៗ ដើម្បីដាក់ឲ្យមជ្ឈមណ្ឌល ARMAC ចាប់ផ្តើមដំណើរការបានពេញលេញ រួមមានការជ្រើសរើសនាយកប្រតិបត្តិ និងគំរោងថវិកាសម្រាប់ដំណើរការប្រចាំឆ្នាំ និងផែនការការងារ ២ឆ្នាំ (២០១៧-២០១៨) របស់មជ្ឈមណ្ឌលនេះ។
កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្ដៃយ៍របស់មជ្ឈមណ្ឌល ARMAC លើកដំបូង ចាប់តាំងពីពេលដែលមជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង តាមរយៈការអនុម័តលក្ខខណ្ឌប្រតិបត្តិដោយថ្នាក់ដឹកនាំអាស៊ាននៅក្នុងឆ្នាំ ២០១៣ នៅប្រទេសប្រ៊ុយណេ។ នៅពេលចាប់ផ្តើមប្រតិបត្តិការមជ្ឈមណ្ឌល ARMAC នឹងដើរតួនាទីជាមជ្ឈមណ្ឌលឧត្តមភាព សម្រាប់ជួយដល់ប្រទេសសមាជិកអាស៊ានដែលមានចំណាប់អារម្មណ៍ ក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាម (ERW) និងលើកទឹកចិត្តឲ្យមានកិច្ចប្រឹងប្រែងដើម្បីដោះស្រាយបញ្ហានេះ។

ការបង្កើតមជ្ឈមណ្ឌល ARMAC នៅកម្ពុជា គឺជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោបានលើកឡើងក្នុងអំឡុងពេល កម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១២ ហើយដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ថ្នាក់ដឹកនាំអាស៊ានទាំងអស់តាមរយៈការចេញសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីការបង្កើតមជ្ឈមណ្ឌល ARMAC។

ទីស្នាក់ការមជ្ឈមណ្ឌល ARMAC ដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ កាលពីថ្ងៃ ២៥ ខែឧសភា ឆ្នាំ ២០១៦៕

photo_2016-09-21_19-11-56

មតិយោបល់