កំពង់ចាមៈ យ៉ាងហោចណាស់មានមនុស្ស៣នាក់ បានស្លាប់ភ្លាមៗនឹងកន្លែងកើហេតុ និង៧នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងបុកជាមួយរថយន្តដឹកខ្សាច់កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២២ កញ្ញានេះ ស្ថិតលើផ្លូវជាតិលេខ០៦ ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពុងចាម។
អធិការរងស្រុកជើងព្រៃលោក ជាង សែ បានដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ផ្ដើមចេញពីរថយន្តទាំង២គ្រឿង បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយរថយន្តក្រុងធ្វើដំណើរពីជើងទៅត្បូង ហើយបានបុកជាមួយឡានដឹកខ្សាច់ចំពីមុខពេញទំហឹង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ រីឯរថយន្តខូចខាតផ្នែកខាងមុខទាំងសងខាង។
លោកបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់ទី១ឈ្មោះ លឹមហ្វា ជាតៃកុងរថយន្តដឹកខ្សាច់ រស់នៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេចេ ខេត្តព្រៃវែង ទី២.ឈ្មោះ ប៊ុន ដានី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ/ឃុំសំរោង ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប និងទី៣ឈ្មោះ អាត់ ខន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិអំពិលឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (អ្នកជិះឡានក្រុង)។ ចំណែកអ្នករងរបួសទាំង៧នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ភ្លាមៗនោះកម្លាំងប៉ូលិសចរាចរណ៍ចុះទៅដល់កន្លែងហេតុ ដើម្បីសម្រួលចរាចរ ហើយហៅរថយន្តសង្គ្រោះដឹកយកជនរងគ្រោះទាំង៧នាក់នោះ ទៅកាន់មន្ទីរពេទ្យ៕
https://youtu.be/_jkJYTGKkNU
មតិយោបល់