រតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាង រងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទី ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ក្បែសណ្ឋាគាររតនៈស៊ីធី ក្នុងភូមិអូរកន្សែង សង្កាត់កន្សែង ក្រុងអន្លង់ ខេត្តរតនគិរី ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Z-4985 បើកបរដោយបុរសម្នាក់ មិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួន ក៏បានបុកចំពាក់កណ្តាលរថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2F-8640 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យរថយន្តបាឡែនរងការខូចខាតផ្នែកក្បាលខាងមុខទាំងស្រុង ចំណែករថយន្តCRV រងការខូចខាតចំហៀងរថយន្តខាងស្តាំយ៉ាងដំណំ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបានបណ្តាលឲ្យនណាម្នាក់ មានរងរបួសអ្វីនោះឡើយ ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកធ្វើការវាស់វែង និងបាននាំយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់