ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមសិល្បៈបុរាណធ្វើពិធីសុំខមាលទោស មុនបុណ្យបេតិកភណ្ឌ

ភ្នំពេញៈ កាលពីថ្ងៃទី២២ កញ្ញា ក្រុមសិល្បៈបុរាណ រួមមានក្រុមល្ខោនស្បែកធំ និងក្រុមសិល្បៈបុរាណជាច្រើនទៀត បានប្រារព្ធពិធីក្រុងពាលី និងសុំខមាលទោសបុព្វបុរសដែលជាសិល្បៈករ និងសិល្បៈការិនី ដែលបានចែកឋានទៅ។ ពិធីនេះប្រារព្ធឡើង ដើម្បីបួងសួងសុំឲ្យវិញ្ញាណរបស់បុព្វបុរសជាអ្នកបង្កើត និងឃុំគ្រងសិល្បបុរាណមកជួយសណ្ឋិត និងថែរក្សាដល់សិល្បករសិល្បការិនីជំនាន់ថ្មី ឲ្យបន្តរក្សាសិល្បៈបុរាណឲ្យបានគង់វង្ស។ ពិធីនេះដែរ ក៏ប្រារព្ធដើម្បីសុំឲ្យវិញ្ញាណបុព្វបុរសជួយឲ្យអ្នកស្នងសិល្បៈបុរាណទាំងអស់ឲ្យទទួលជោគជ័យ ក្នុងការរៀបចំពិធីបុណ្យបេតិកភណ្ឌលើកទី៣ ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់១៦ តុលាខាងមុខ។

តំណាងមន្ទីរវប្បធម៌បានអះអាងថា ហេតុផលដែលនាំឲ្យមានការប្រារព្ធពិធីសន្និសីទ និងសុំខមាលទោសដល់ព្រលឹងបុព្វបុរសផ្នែកសិល្បៈនៅថ្ងៃទី២២ កញ្ញានេះ គឺដោយសារតែក្រុមសិល្បៈត្រូវការជ្រើសយកថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃថ្វាយគ្រូ និងដោយសារតែនៅថ្ងៃព្រហស្បតិ៍ក្រោយៗជាថ្ងៃកៀកនឹងបុណ្យភ្ជុំ។ លោករំពឹងថា ពិធីបុណ្យបេតិកភណ្ឌក្នុងពេលខាងមុខនឹងទទួលជោគជ័យ ដោយសារតែពិធីបុណ្យនោះ ជាការថែរក្សាវប្បធម៌ជាតិ និងដើម្បីបំផុសអ្នកជំនាន់ក្រោយឲ្យកាន់តែស្គាល់សិល្បៈបុរាណ។ ព្រឹត្តិការណ៍នេះក៏មានការលក់សំបុត្រ ដើម្បីយកថវិកាមួយចំនួនជួយមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាបដែលប្រឈមនឹងការខ្វះខាតនោះផងដែរ។

លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានទទូចឲ្យមានការចូលរួមទស្សនាការសម្ដែងសិល្បៈនៅថ្ងៃទី១៤ ដល់១៦ឋ តុលានោះឲ្យបានច្រើន ដើម្បីលើកស្ទួយដល់សិល្បៈបុរាណខ្មែរជាពិសេស គឺល្ខោនស្បែកធំ និងទម្រង់សិល្បៈបុរាណជាច្រើនទៀត។ លោកថា ព្រឹត្តិការណ៍បុណ្យបេតិកភណ្ឌលើកទី៣ក្នុងឆ្នាំនេះ លោករំពឹងថានឹងកាន់តែមានគាំទ្រពីស្រទាប់មហាជន ជាពិសេសគឺពីអ្នកស្រឡាញ់សម្បត្តិវប្បធម៌នៅកម្ពុជា៕

art-42art-1art-2art-3art-4art-5art-6art-7art-8art-9art-10art-11art-12art-13art-14art-15art-16art-17art-18art-19art-20art-21art-22art-23art-24art-25art-26art-27art-28art-29art-30art-31art-32art-33art-34art-35art-36art-37art-38art-39art-40art-41

មតិយោបល់