ព័ត៌មានសេដ្ឋកិច្ច

បារាំង និងចិន គ្រោងបោះទុន ២៣០លានអឺរ៉ូ សាងសង់ស្ថានីយថាមពលអគ្គិសនីធំ ២ នៅកម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុន Quadran International និងដៃគូវិនិយោគក្រុមហ៊ុន Shanghai SUS Environment គ្រោងនឹងបោះទុនវិនិយោគ ២៣០លានអឺរ៉ូ លើគម្រោងសាងសង់រោងចក្រស្ថានីយថាមពលអគ្គិសនី ដែលបានមកពីការដុតកាកសំណល់នៅរាជធានីភ្នំពេញ និងស្ថានីយថាមពលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យនៅ ខេត្តសៀមរាប។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

គណៈប្រតិភូនៃក្រុមហ៊ុនទាំងពីរនេះ បានជួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពីគម្រោងទាំង ២នេះ រួមមាន ទី១ ស្ថានីយថាមពលអគ្គិសនី ដែលបានមកពីការដុតកាកសំណល់ នៅរាជធានីភ្នំពេញ គ្រោងចំណាយប្រមាណ ១៥០លានអឺរ៉ូ មានអានុភាពតម្លើង ៣០មេហ្គាវ៉ាត់ និងទី២ ស្ថានីយថាមពលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ គ្រោងចំណាយប្រមាណ ៨០លានអឺរ៉ូ មានអានុភាពតម្លើង ៥៥មេហ្គាវ៉ាត់។

លោក ថោង ខុន បង្ហាញជំហរគាំទ្រយ៉ាងមុតមាំ ចំពោះគម្រោងវិនិយោគដ៏មានសារៈសំខាន់នេះ នឹងបានស្នើដល់ក្រុមហ៊ុន ឲ្យយកចិត្តទុកដាក់បន្តធ្វើការជាមួយបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាន នាពេលខាងមុខនេះ។

យ៉ាងណាមិញគម្រោងនេះ នឹងជួយជម្រុញដល់គោលនយោបាយនៃការអភិវឌ្ឍបៃតងនៅកម្ពុជា ប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍បៃតង នឹងត្រៀមខ្លួនក្នុងការប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ ២០១៨៕

មតិយោបល់