កំពង់ឆ្នាំងៈ ករណីក្មេងលង់ទឹកនៅខេត្តកំពង់ឆ្នាំង កើតមានស្ទើររៀងរាល់ថ្ងៃ ជាក់ស្ដែង នៅម៉ោង១១និង៤៥នាទី ថ្ងៃត្រង់ទី២២ ខែកញ្ញា ឆ្នាំ២០១៦ មានក្មេងប្រុស-ស្រី២នាក់ បានលង់ទឹកអូរ ស្លាប់យ៉ាងអាណោចអាធ័ម ។ ករណីនេះ បានកើតឡើងនៅចំណុចក្រោយវត្តខ្សាម ស្ថិតនៅក្នុងភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
បើតាមសំដីអធិការនគរបាល ក្រុងកំពង់ឆ្នាំង លោក ឆាយ ខេមរ័ត្ន បានឲ្យដឹងថាមានករណី កុមាររងគ្រោះទាំង២នាក់លង់ទឹកស្លាប់ ទី១មានឈ្មោះ ស៊ឹម ពិសី អាយុ៧ឆ្នាំ ភេទស្រី ម្តាយ ឈ្មោះស៊ឹម ស្រី រស់នៅភូមិទី៦ សង្កាត់ខ្សាម ។ កុមារាទី២មានឈ្មោះ ឡឹម សុគន្ធា អាយុ៦ ឆ្នាំមានឪពុកឈ្មោះ ឡៅ លីហាវ អាយុ៤២ឆ្នាំ និងម្តាយឈ្មោះ មាស ញ៉េប អាយុ៤៦ ឆ្នាំ មានកូនប្រុសតែម្នាក់នេះគត់ រស់នៅភូមិទី៧ សង្កាត់ខ្សាម ។
ដោយឡែកប្រជាពលរដ្ឋ មានផ្ទះនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញកុមារាកុមារី៤ទៅ៥នាក់ បាននាំគ្នាមុជទឹកអូរកំពុងតែហូរ នៅខាងក្រោយវត្តខ្សាម ហើយមានកុមារខ្លះបានយកសំបកធុងស្នោរ មកតោងមុជទឹកលេងផងដែរ។ មួយសន្ទុះក្រោយមកស្រាប់តែឮសម្រែកហៅក្មេងៗហៅ «ជួយផងៗ!! មានក្មេងលង់ទឹក» ភ្លាមៗនោះដែរ មានមនុស្សប្រុស២ទៅ៣នាក់ រត់ចុះទឹកជួយរាវរកកុមាររងគ្រោះទាំង២នាក់ដែរ តែ
ការជួយរាវរកអស់រយៈពេលប្រមាណ១៥នាទី ទើបរាវរកឃើញកុមារី នៅក្បែរគល់ត្នោតតែនាងបានស្លាប់បាត់ទៅហើយ តែឪពុកម្តាយមិនអស់ចិត្តបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត តែនៅមិនអាចជួយបាន។ រយៈពេល១០នាទី ក្រោយមកទើបរកឃើញកុមារាម្នាក់ទៀត តែគេបានបាត់ទៅហើយដែរ ។
ករណីក្មេងរងគ្រោះទាំង២នាក់នេះ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះពិនិត្យសពនៅកន្លែងកើតហេតុ រួចប្រគល់សពទាំង២ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីគ្រោះថ្នាក់នេះ គឺជាសារមួយដល់មាតាបិតាទាំងឡាយគួរតែប្រុងប្រយ័ត្ន កូនចៅកុំឲ្យលេងទឹកដែលកំពុងជោរជន់ ឡើងរាល់ថ្ងៃ ដោយសារទឹកភ្លៀងនៅក្នុងរដូវកាន់បិណ្ឌនេះ ៕
មតិយោបល់