ភ្នំពេញៈ មជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្ម និរន្តរភាព និងអាហារូបត្ថម្ភហៅកាត់ថា(CE SAIN) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែកញ្ញានេះ ដើម្បីជម្រុញ នវានុវត្តន៍លើវិស័យឯកជន សម្របសម្រួលការស្រាវជ្រាវ ការអប់រំ និងការបណ្តុះបណ្តាល កសិកម្ម តាមរយៈកិច្ចសហប្រតិបត្តិការ និងការចែករំលែកចំណេះដឹងដែលមានលក្ខណៈល្អប្រសើរ។
ការប្រកាសនេះនេះធ្វើឡើងស្របពេលនិងការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងទីភ្នាក់ងាសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលនឹងគាំទ្រមជ្ឈមណ្ឌលនេះតាមរយៈកម្មវិធី Feed the Future Presidential Intiative របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងលោក Wiliam A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខារវាង លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងលោកស្រី Polly Donford នាយក USAID។
លោកស្រី Polly Donford លើកឡើងថា «តាមរយៈនវានុវត្តន៍នៃកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត ដែលប្រមូលផ្តុំដោយសាកលវិទ្យាល័យដែលមានជំនាញឯកទេសល្អ របស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗនៅលើពីភពលោក លើផ្នែកកសិកម្ម និងសន្តិសុខ ស្បៀង យើងមានសេចក្តីរីករាយ និងគាំទ្រកិច្ចការសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានបំពេញការងារដ៏ល្អជាមួយដៃគូម្ចាស់ជំនួយ លើកិច្ចសហការស្រាវជ្រាវកន្លងមក»។
លោក ង៉ោ ប៊ុនថាន មានជំនឿចិត្តចំពោះមជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាពនិងអាហារូបត្តម្ភដែលបង្កើតថ្មីនេះ ថានឹងផ្តល់នូវការបណ្តុះបណ្តាល និងគាំទ្រការស្រាវជ្រាវ ដល់អ្នកជំនាញកសិកម្មកម្ពុជា នាពេលអនាគត ដែលពួកគេត្រូវការដើម្បីទទួលជោគជ័យ។
គួរបញ្ជាក់ថា នៅប្រទេសកម្ពុជា មន្ទីរពិសោធន៍នវានុវត្តន៍បាននឹងកំពុងធ្វើការជាដៃគូជាមួយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងបង្កើតបានជាបច្ចេកទេស នវានុវត្តន៍ដែលមានការទទួលស្គាល់ និងគួរតែត្រូវពង្រីកការផ្សព្វផ្សាយ ដើម្បីឲ្យមានការអនុវត្តបានកាន់តែច្រើន ប៉ុន្តែមិនទាន់អាចធ្វើបាននៅឡើយ ដោយសារខ្វះខាតនូវការសម្របសម្រួលរវាងមន្ទីរពិសោធន៍ នវានុវត្តន៍ទាំងនេះ។
តាមរយៈមជ្ឈមណ្ឌលនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្មនឹងបង្កើនអនុភាព សហការគ្នា និងសម្របសម្រួលមន្ទីរពិសោធន៍នវានុវត្តន៍ជាមួយវិស័យសាធារណៈ និងឯកជន ហើយអ្នកវិទ្យា សាស្រ្ត និស្សិត អ្នកអនុវត្តផ្ទាល់មកពីគ្រឹះស្ថានសិក្សា ភ្នាក់ងារដ្ឋាភិបាល ភ្នាក់ងារមិនមែនរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជន នឹងមានឱកាសក្នុងការបង្ហាញបច្ចេកវិទ្យាប្រពលវប្បកម្ម កសិកម្មនិរន្តភាពចុងក្រោយ និងអាហារូបត្ថម្ភទៅពលរដ្ឋ អ្នករៀបចំគោលនយោបាយ និងភ្នាក់ងារផ្តល់ជំនួយ។ ថវិកា២,៥លានដុល្លារអាមេរិក នឹងផ្តល់ជាជំនួយដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយរបស់សាស្រ្តាចារ្យ ដោយផ្តល់ជាមូលនិធិសម្រាប់ការស្រាវជ្រាវ ដើម្បីបង្កើតឲ្យបានយ៉ាងហោចណាស់មន្ទីរពិសោធន៍ចំនួន៥នៅសាកលវិទ្យាល័យនេះ ផ្តល់ជាអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតជំនាញកសិកម្ម និងបង្កើតឲ្យមានការអនុវត្តនូវការរួមបញ្ចូលរវាងធុរៈកិច្ច និងនវានុវត្តន៍នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ៕
មតិយោបល់