ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ AIDS បានបើកសិក្ខាសាលានៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២២កញ្ញានេះ ក្នុងគោលបំណងពិនិត្យវាយតម្លៃ ដោយធានាថា ដៃគូទាំងអស់នៃផ្នែកពាក់ព័ន្ធមានក្រសួងស្ថាប័ន អង្គការ ក្រៅរដ្ឋាភិបាល និងក្រុមប្រជាជនដែលប្រឈមមុខខ្ពស់ បានយល់យ៉ាងពេញលេញពីស្ថានភាពបច្ចុប្បន្ន នៃមេរោគ AIDS និងការឆ្លើយតបជំងឺ AIDS ក្នុងប្រទេសកម្ពុជា និងជាពិសេសនៅរាជធានីភ្នំពេញ។
លោក ប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺ AIDS មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការលប់បំបាត់ជំងឺAIDS តាមរយៈការកំណត់យ៉ាងច្បាស់នូវគោលការណ៍សូន្យ៣ គឺ៖ គ្មានការឆ្លងជំងឺAIDSថ្មី គ្មានការរើសអើងទៅលើអ្នកផ្ទុកមេរោគ AIDS និងអ្នកជំងឺ AIDS គ្មានការស្លាប់ដោយសារជំងឺAIDSនៅត្រឹមឆ្នាំ២០២៥ ដោយផ្អែកលើគោលដៅ៩០,៩០,៩០ នៅឆ្នាំ២០២០ និងគោលដៅ៩៥.៩៥.៩៥នៅឆ្នាំ២០២៥។
លោក ប៊ុន សេរី បន្តថា ៖ បើធ្វើការប្រៀបធៀបប្រជាជនប្រឈមមុខខ្ពស់មាន ៖ស្ត្រីធ្វើការតាមសេវាកម្សាន្តសប្បាយ បុរសរួមភេទជាមួយបុរស ក្រុមបំម្លែងភេទ អ្នកប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេស។ ដោយឡែកនៅរាជធានីភ្នំពេញមានប្រហែលពី៦០ទៅ៦៥%ក្នុងស្ថានភាពផ្ទៃដីធំទូលាយ ស្មុកស្មាញនិងប្រជាជនរស់នៅច្រើនកុះករជាង២លាននាក់។ ក្នុងនោះបានបន្សល់ទុកនូវអ្នកជំងឺ AIDS គិតមកដល់ពេលនេះមានចំនួន៤.០១៥នាក់ ក្នុងនោះ អ្នកទទួលបានថ្នាំពន្យាជីវិតមានចំនួន៣.៨៧៤នាក់ និងកុមារកំព្រាដោយមេរោគAIDS ចំនួន៣.៥១៨នាក់។
លោក ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ AIDS បានថ្លែងថា ពេលនេះយើងបង្កបរិយាកាសគាំទ្រ និងចង់ឲ្យមានការប្រែប្រួលតាមរយៈកា រួមគ្នាធ្វើជាលក្ខណៈប្រព័ន្ធ បន្តកម្មវិធីប្រើប្រាស់ស្រោមអនាម័យ១០០%។ លោកបន្តថា យើងត្រូវតាមរកឲ្យឃើញអ្នកផ្ទុកមេរោក AIDS ជាង១ម៉ឺននាក់ដែលបាត់មិនឃើញ៕
មតិយោបល់