សៀមរាបៈ សមត្ថកិច្ចចម្រុះខេត្តសៀមរាប នៅមិនទាន់ស្រាវជ្រាវដឹងសាវតារ ជនល្មើសដែលបានបាញ់ជាច្រើនគ្រាប់ នៅអង្គរឃ្យុងយូ បាននៅឡើយទេ ដោយអះអាងថា សមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យ សំបកគ្រាប់សិន ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៩យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ។
បើតាមលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ករណីជនមិនស្គាល់ អត្តសញ្ញាណនេះបានបាញ់ឡើងលើប្រមាណជា៥គ្រាប់នៅម៉ោង២១យប់ថ្ងៃទី២១ ខែកញ្ញា តាមបណ្តោយផ្លូវ៦០ម៉ែត្រ អង្គរឃ្យុងយូ ម្តុំមន្ទីរទើបសង់ថ្មីស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបនោះ បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋានខេត្តកំពុងយកសំបកគ្រាប់នោះទៅត្រួតពិនិត្យ ហើយតែនៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ។ លោកបានបន្ថែមទៀតថា កាំភ្លើងដែលបានបាញ់នោះជា ប្រភេទ កាំភ្លើងខ្លី K៥៤ ។
ចំណែកលោកវរសេនីយ៍ទោ ប្រាក់ វណ្ណះ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងសៀមរាប បានថ្លែងថា ពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ ដូច្នេះលោកពុំទាន់បញ្ជាក់ពីករណីបាញ់នេះប្រាប់ទេ ។ ទាក់ទិនករណីនេះ ដែរសមត្ថកិច្ច បានបញ្ជាក់ថា មិនមានប៉ះពាល់ដល់សតិអារម្មណ៍ពលរដ្ឋឬក៏ភ្ញៀវទេសចរ នោះទេ។
មជ្ឈដ្ឋាននានា និយាយថានេះ ជាការបាញ់សំញ៉ែងកាំភ្លើងលេង របស់ជនល្មើសដែលគេដាក់ការសង្ស័យថា នេះជាការបាញ់សាកកាំភ្លើងលេង នៅតំបន់ទេសចរ តែប៉ុណ្ណោះ ហើយគេនិយាយទៀតការស្រាវជ្រាវនេះ ទំនងជាគ្មានពន្លឺអ្វីនោះទេ ៕
មតិយោបល់