ភ្នំពេញៈ ឆ្លើយតបតាមការអញ្ជើញរបស់ប្រធានសហព័ន្ធទីផ្សារអាស៊ី (AMF) សមាគមអ្នកទីផ្សារកម្ពុជា បានដឹកនាំសមាជិកពេញសិទ្ធិរបស់ខ្លួនទៅចូលរួមប្រជុំប្រចាំឆ្នាំជាមួយ សហព័ន្ធទីផ្សារអាស៊ី (Asia Marketing Federation)នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោកគា បូរ៉ា ប្រធានសមាគមអ្នកទីផ្សារកម្ពុជា បានឲ្យដឹងថាគោលបំណងសំខាន់នៃការប្រជុំនេះ ផ្តោតទៅលើលទ្ធភាពការងារដែលបានអនុវត្តកន្លងមកក្នុងប្រទេសនីមួយៗ និងតម្រង់ទិសដៅសម្រាប់ពេលខាងមុខ ក្នុងន័យបន្តការងារទៅតាមគោលដៅដែលបានដាក់ចេញសម្រាប់ប្រទេសនីមួយៗ និងស្របតាមការផ្តល់អនុសាសន៍របស់ពីសហព័ន្ធទីផ្សារអាស៊ី(AMF)ផងដែរ។
លោកបន្តថា ជាគោលដៅសម្រាប់សមាគមន៍ទីផ្សារកម្ពុជា (MAC)នៅពេលខាងមុខគឺការចែករំលែកនូវចំណេះដឹងផ្នែកទីផ្សារដល់សមាជិក និងពាណិជ្ជករទាំងអស់ និងផ្តោតសំខាន់សម្រាប់បណ្តុះបណ្តាលដល់អ្នកទីផ្សារទាំងអស់ដើម្បីទួលបានសញ្ញាបត្រជំនាញទីផ្សារ (Certified Profession Marketing) ដែលទទួលស្គាល់ដោយប្រទេសដ៏ទៃទៀតនៅក្នុងដំបន់អាស៊ី។
សូមបញ្ជាក់ថា សហព័ន្ធទីផ្សារអាស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ដែលរហូតមកដល់ពេលនេះមានសមាជិកទាំងអស់ ចំនួន១៦ប្រទេសដូចជា៖ ប្រទេសបង់ក្លាដេស ប្រទេសចិន ប្រទេសកម្ពុជា ហុងកុង តៃវ៉ាន់ ឥណ្ឌូនេស៊ី ប្រទេសជប៉ុន ប្រទេសកូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន ប្រទេសសិង្ហបូរី ស្រីលង្ការ ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសម៉ុងហ្គោលី និងប្រទេសភូមា។
ដោយឡែក សមាគមន៍ទីផ្សារកម្ពុជា (MAC) ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០១២ ដោយលោក សួរ ដេនី (Dainy Sour) នាយកប្រត្តិបត្តរបស់ក្រុមហ៊ុន Impact Group ក្នុងគោលបំណងប្រមូលអ្នកទីផ្សារក្នុងស្រុក ដើម្បីចែករំលែកនូវបទពិសោធន៍ ការធ្វើពាណិជ្ជកម្មជាមួយគ្នា ផ្តល់ការហ្វឹកហ្វឺនដល់បុគ្គលិកដែលជាសមាជិក និងជាជំនួយដល់ការអភិវឌ្ឍន៍ ការងារនិងមុខជំនួញ និងរក្សាបាននូវព័ត៌មានដែលមានតម្លៃ និងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរ។ លើសពីនោះ សមាគមន៍មួយនេះក៏មានគោលដៅជួយដល់ប្អូនៗនិស្សិត ដើម្បីទទួលបាននូវជំនាញផ្នែកទីផ្សារពិតប្រាកដ សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារការងារអាស៊ានផងដែរ៕
មតិយោបល់