ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សហភាពអឺរ៉ុប ទម្លាក់កញ្ចប់ថវិកាជិត៣លានអឺរ៉ូ ដល់សាលាក្ដីខ្មែរក្រហម

ភ្នំពេញៈ សហភាពអឺរ៉ុប បានសម្រេចទម្លាក់កញ្ចប់ថវិកាឧបត្ថម្ភចុងក្រោយរបស់ខ្លួនតាមការសន្យា ដែលមានទឹកប្រាក់ប្រមាណជិត៣លានអឺរ៉ូ ក្នុងទឹកប្រាក់ជំនួយសរុបជិត៩លានអឺរ៉ូ សម្រាប់ដំណើរការនៃសាលាក្ដីខ្មែរក្រហម ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ២០១៦។

សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា អនុវត្តតាមការសន្យាកាលពីឆ្នាំមុនក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុក្នុងទឹកប្រាក់សរុបចំនួន៨,៩លានអឺរ៉ូ ជូនអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) សម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ សហភាពអឺរ៉ុប បានធ្វើការទម្លាក់កញ្ចប់ថវិកាឧបត្ថម្ភចុងក្រោយរបស់ខ្លួនដែលមានទឹកប្រាក់ចំនួន២,៩លានអឺរ៉ូ ក្នុងនោះ ថវិកាចំនួន១,៥លានអឺរ៉ូ សម្រាប់គាំទ្រភាគីអន្តរជាតិ និង១,៤លានអឺរ៉ូទៀត សម្រាប់ភាគីជាតិ នៃអ.វ.ត.ក។

សេចក្ដីប្រកាសព័ត៌មានបន្តទៀតថា សហភាពអឺរ៉ុប ជាម្ចាស់ជំនួយធំមួយក្នុងចំណោមម្ចាស់ជំនួយធំៗបំផុតរបស់ អ.វ.ត.ក ហើយការទម្លាក់កញ្ចប់ថវិកាចុងក្រោយនេះ ធ្វើឲ្យជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបានផ្តល់ដល់ អ.វ.ត.ក មានចំនួនសរុប១៦,២លានអឺរ៉ូហើយ ចាប់ពីដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញ តាំងពីឆ្នាំ២០០៦មក។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក Knut Rosandhaug អនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានថែ្លងថា «ក្នុងនាម អ.វ.ត.ក យើងខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះការបន្តឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់សហភាពអឺរ៉ុប»

មតិយោបល់