ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្មអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនកាណូត ៧០គ្រឿងរបស់រដ្ឋបាលជលផល

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនកាណូត ៧០គ្រឿងរបស់រដ្ឋបាលជលផល។

តាមរយៈកម្មវិធី “ជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ននៃអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ “សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្រទានដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានថវិកាសរុបចំនួន ២៦លានអឺរ៉ូ (ក្នុងនោះមានថវិកាពីសហភាពអឺរ៉ុបចំនួន ២០លានអឺរ៉ូ និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ៦លានអឺរ៉ូ) សម្រាប់អនុវត្តក្នុងរយៈពេល ០៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣ រហូតដល់២០១៨ ដែលបាននិងកំពុងតែអនុវត្តនៅក្នុងរដ្ឋបាលជលផល នាយកដ្ឋានផែនការ និងស្ថិតិ និងនាយកដ្ឋានផលិតកម្មនិងបសុព្យាបាល។

ដោយឡែក សម្រាប់រដ្ឋបាលជលផលទទួលបានថវិកាសរុបចំនួន ១០,៣លានអឺរ៉ូ ដែលក្នុងនោះមានថវិកាហិរញ្ញប្រទានរបស់សហភាពអឺរ៉ូចំនួន ៧,៣លានអឺរ៉ូ និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ៣លានអឺរ៉ូ។

កម្មវិធីនេះមានទិសដៅជួយជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងអនុវិស័យជលផល តាមរយៈការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលសង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ស្របតាមគោការណ៍អភិក្រមផ្អែកតាមកម្មវិធី(Program Base Approach)។ កម្មវិធីនេះមានគោលបំណងអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រសម្រាប់អនុវិស័យជលផលឆ្នាំ២០១៥-២០២៤ និងសម្រេចតាមលទ្ធផលដែលបានគ្រោងទុកចំនួន ៤ គឺ
ទី១.ជំរុញការគ្រប់គ្រងជលផលទឹកសាបប្រកបដោយចីរភាព, ទី២.ការអភិវឌ្ឍវារីវប្បកម្ម, ទី៣.ការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មជលផល និងតម្លៃ និង ទី៤.ការពង្រឹងសមត្ថភាពគ្រប់គ្រងរបស់រដ្ឋបាលជលផល។

ក្នុងរយៈពេលនៃការអនុវត្តផែនការសកម្មភាពរបស់កម្មវិធីនេះកន្លងមក សហភាពអឺរ៉ុបបានផ្តល់រថយន្តចំនួន ០៦គ្រឿង និងទោចក្រយានយន្ត ៤០គ្រឿង កាណូត ០៥គ្រឿង ព្រមទាំងកុំព្យូទ័រ សម្ភារៈអេឡិចត្រូនិច និងសម្ភារៈការិយាល័យជាច្រើនទៀត ជូនដល់រដ្ឋបាលជលផល សម្រាប់បែងចែកទៅឲ្យនាយកដ្ឋានក្រោមឱវាទបណ្តាខណ្ឌរដ្ឋបាលជលផលទាំង ២៥ខេត្តក្រុង វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប វិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោហ៊ុនសែន និងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ដើម្បីប្រើប្រាស់សម្រាប់អនុវត្តសកម្មភាពរបស់កម្មវិធីEU នេះ ឲ្យមានដំណើរការល្អ ក្នុងការបំពេញការងារឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធិភាពខ្ពស់ថែមទៀត៕

photo_2016-09-22_22-07-02photo_2016-09-22_22-07-06photo_2016-09-22_22-07-09photo_2016-09-22_22-07-13photo_2016-09-22_22-07-17photo_2016-09-22_22-07-21photo_2016-09-22_22-07-24

មតិយោបល់