ព័ត៌មានជាតិ

បើកម៉ូតូលឿនដូចហោះទៅបុកបង្គោលចំណាំងផ្លាត ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យ: យុវជនចំនួន២នាក់ បើកម៉ូតូឌុបគ្នាលឿនដូចហោះ ជ្រុលទៅបុកបង្គោលចំណាំងផ្លាត​បណ្តាលឲ្យយុវជនជាអ្នកឌុបរងរបួសបាក់ជើង និងអ្នករួមដំណើរជាមួយម្នាក់ទៀតបោកក្បាលស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥ នៅចំនុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ ។

អាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា យុវជនទាំង២នាក់ដែលរងរបួស ខាងលើនេះ ទី១មានឈ្មោះ វ៉ា អ៊ី ភេទប្រុស អាយុ​២០ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (របួសបាក់ជើង) ។ ចំណែកអ្នករួមដំណើរ​ជាមួយម្នាក់ទៀតដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ ឈឹម ចិន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

យោងតាមប្រភពព័ត៌មានបានបន្តឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនទាំង២នាក់ខាងលើ ជិះម៉ូតូឌុបគ្នាមួយគ្រឿង​ម៉ាក MSX ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយល្បឿនលឿនដូចហោះ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុល​ចង្កូត​ទៅបុកបង្គោលចំណាំងផ្លាត ពេញទំហឹងបណ្តាលឲ្យយុវជនជាអ្នកឌុបរងរបួសធ្ងន់បាក់ជើង ចំណែកយុវជនដែលរួមដំណើរនៅ​ខាងក្រោយ ផ្លោងបោកទៅលើដងផ្លូវ បែកមុខមាត់បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង តែម្តង ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង អាវុធហត្ថក្រុងសិរីសោភ័ណបានអន្តរាគមន៍ហៅរថយន្តសង្គ្រោះមកដល់ជនរងគ្រោះ​ដែល​រងរបួសធ្ងន់ទៅមន្ទីរពេទ្យ ចំណែកសាកសពជនរងគ្រោះម្នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុម​គ្រួសារធ្វើ​បុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូត្រូវបានអាវុធហត្ថ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ​ដើម្បី​រង់ចាំក្រុមគ្រួសារមកទទួលយកទៅវិញ ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់