ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿងពន្លះជាមួយគោយន្តកន្ត្រៃពេញទំហឹងបណ្តាលឲ្យ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់និងស្រាល

បន្ទាយមានជ័យ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងគោយន្តកន្ត្រៃបានបើក​បុកគ្នាពេញ​ទំហឹង បណ្តាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូទាំង២នាក់ប្តីប្រពន្ធរងរបួសធ្ងន់និងស្រាល ។ ហេតុការណ៍នេះបានកើតឡើង​កាល​ពីវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី២២ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះទាំង២ដែលរងរបួសខាងលើនេះ ទី១មាន​ឈ្មោះ លី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិប៉ោយក្ដឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងស្ត្រី​ប្រពន្ធ​ដែលរងរបួសធ្ងន់មានឈ្មោះ ចក់ ចិន្ដា អាយុ២៦ឆ្នាំ រស់នៅជាមួយគ្នា។ ចំណែកអ្នកបើកបរថយន្តកន្ត្រៃមានឈ្មោះ យិន យួត ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិទ្រលោកជើង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ពុំមានគ្រោះថ្នាក់អ្វីឡើយ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី​ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I- 6486 បើកបរដោយបុរសម្នាក់ជិះឌុបប្រពន្ធនៅខាងក្រោយ ក្នុងទិសដៅ​ពីលិចទៅកើត លុះបានមកដល់ចំណុចកើតហេតុស្រាប់តែគោយន្ដកន្ត្រៃឡើងមកពីផ្លូវលំ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បានបើកមក​បុក​ម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសជាប្ដីរងរបួសស្រាល ចំណែកប្រពន្ធរបួសធ្ងន់ ជនរងគ្រោះទាំង២នាក់ ត្រូវបានគេបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។ ចំណែកម៉ូតូនិងគោយន្ដ ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនៅ​អធិការ​ដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់