ព័ត៌មានជាតិ

នគរបាលខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួនមនុស្ស៣នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ធ្វើជាជាងម៉ាស៊ីននៅក្នុងរោងចក្រមិនកាក់កប បែកគំនិតធ្វើសកម្មភាពប្រើប្រាស់និងជួញដូរ​គ្រឿងញៀនត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួន ខណ:ដែលជនទាំងនេះបម្រុងធ្វើសកម្មភាពចែកចាយបន្ត។ ការ​បង្ក្រាប​នេះបានធ្វើឡើងកាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សយ សុឃឿន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរជាងម៉ាស៊ីន ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិពងពាយទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២ឈ្មោះ ស៊ុង សុឃា ភេទប្រុសអាយុ៣៣ឆ្នាំ មុខ​របរ​ជាងម៉ាស៊ីន ស្នាក់នៅភូមិអង្គតាគៀត សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ។និងជន​សង្ស័យ​ទី៣​ឈ្មោះ ជេវ ចាន់ថល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងម៉ាស៊ីន ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត​ខេត្តតាកែវ។

លោកវរ:សេនីយ៍ត្រីម៉ន វុធី អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀននៃអធិការខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជន​សង្ស័យទាំងនេះ ក្រោមបញ្ជារផ្ទាល់របស់លោកវរ:សេនីយ៍ទោ យឹម សារ៉ាន អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាឲ្យមន្ត្រីនៅក្រោមឱវាទ​របស់លោកទាំងអស់ធ្វើការតាមដានស្រាវជ្រាវ និងល្បាតគ្រប់គោលដៅដើម្បីការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋទប់ស្កាត់កុំ​ឲ្យបទល្មើស​ផ្សេងៗ​កើតឡើង ខណ:មកដល់ថ្ងៃកើតហេតុកម្លាំងនគរបាលខណ្ឌធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពីបទប្រើប្រាស់​និងជួញដូរគ្រឿងញៀនព្រមទាំង​ដក​ហូត​បានគ្រឿងញៀនចំនួន១កញ្ចប់តូច។

បច្ចុប្បន្ននេះជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់