បន្ទាយមានជ័យៈ ក្មេងស្រីដ៏សែនអភ័ព្វ២នាក់ ម្តាយទើបតែបានស្លាប់ចោលបាន១ឆ្នាំ ស្រាប់តែឪពុកដែលធ្លាប់រកស៊ីចិញ្ចឹមខ្លួនរាល់ថ្ងៃនោះ បានស្លាប់ចោលជាបន្តទៀត។ ហេតុការណ៍នេះកើតឡើងក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋជិតខាងឲ្យដឹងថា ឪពុកដែលទើបតែស្លាប់នោះមានឈ្មោះ កុយ ចំរើន អាយុ៤៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយម្តាយធម៌ ឈ្មោះ លាស់ ស៊ីថា អាយុ៧០ឆ្នាំ រស់នៅក្នុង ក្រុមទី ៦ ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានបន្តទៀតថា ក្មេងស្រីអភ័ព្វទាំង២នាក់នេះឈ្មោះ ជួង ស្រីណីត អាយុ១៣ឆ្នាំ ជាបង និងប្អូនឈ្មោះ ជួង ស្រីណុត អាយុ៧ឆ្នាំ អ្នកទាំង២ក្រោយពេលឪពុកស្លាប់ចោលបានទៅរស់នៅជាមួយលោកយាយឈ្មោះ លាស់ ស៊ីថា។
បើតាមការរៀបរាប់របស់ជីដូបានឲ្យដឹងថា កុយ ចំរើន ដែលត្រូវជាឪពុកក្មេងស្រីទាំង២នាក់ បានមករស់នៅជាមួយគាត់ជាច្រើនឆ្នាំហើយ គាត់ធ្លាប់ធ្វើទាហាន ហើយត្រូវគ្រាប់ចំក្បាលបណ្តាលឲ្យគាត់មានរោគ ប្រកាច់ជារើយៗ មុនពេលគាត់ស្លាប់នោះ ជំងឺចាស់បានរើឡើងក៏ប្រកាច់ស្លាប់តែម្តង។
ជីដូនបានបញ្ជាក់ទៀតថា សព្វថ្ងៃនេះលោកយាយរស់នៅតែម្នាក់ឯង និងចៅចិញ្ចឹម២នាក់នេះ នៅក្នុងខ្ទមកម្សត់លេចមុខលេចក្រោយ ក្នុងការរស់នៅនេះកុំតែបានចៅស្រីឈ្មោះ ណិត ដើរស៊ីឈ្នួលបោកខោអាវឲ្យអ្នកជិតខាងបានលុយបន្តិចបន្ទួចយកមកចិញ្ចឹមគ្រួសារនេះ កុំអីដាច់ពោះស្លាប់បាត់ទៅហើយ ក្មេងនេះឆ្លៀតទៅរៀនសូត្រទៀតផង។
គាត់បានបញ្ជាក់ទៀតថា ក្មេងស្រីទាំង២នាក់នេះរស់នៅជាមួយគាត់ គ្រាន់តែបណ្តោះអាសន្នតែប៉ុណ្នោះ នៅថ្ងៃមុខក្មេងស្រីទាំង២នាក់នេះ ចង់ទៅរស់នៅជាមួយអ្នកណាក៏គាត់មិនថាដែរ ព្រោះនេះជាវាសនារបស់ក្មេងទាំង២នាក់ លោកយាយមិនដឹងថា ក្មេងអភ័ព្វទាំង២នាក់ និងទៅជាយ៉ាងណានោះទេក្នុងការរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯងនេះ៕
មតិយោបល់