ព័ត៌មានជាតិ

រថយន្តដឹកដំឡូងមីមួយគ្រឿងកៀបហ្វ្រាំង បណ្ដាលឲ្យឆេះទាំងយប់នៅលើផ្លូវជាតិលេខ៧

ក្រចេះ: រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C-9908 (យីឌុប) ដឹកដំឡូងពេញប្រៀប បើកបរដោយឈ្មោះ យន់ យាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានភ្លើងឆាបឆេះទាំងយប់ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អ្ន​កស្រុក និងសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុច ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពពីអ្នកបើកបររថយន្តខាងលើបានឲ្យ​ដឹងថា រថយន្តរបស់គាត់ គឺបានដឹកដំឡូងមីចេញពីខេត្តរតនគិរីឆ្ពោះទៅកាន់ខេត្តព្រៃវែងតាមផ្លូវជាតិលេខ៧ ស្រាប់​តែមកដល់ចំណុចកើតហេតុ ក៏កៀបហ្វ្រាំងចេញផ្កាភ្លើងហើយក៏ឆាបឆេះរថយន្តតែម្តង។

លោកអនុសេនីយ៍ឯក សៀង សុខុម ប្រធានស្នាក់ការសន្តិសុខ710 កងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ឲ្យ​ដឹងថា នៅក្នុងហេតុកាណ៍ឆេះរថយន្តខាងលើ គឺកម្លាំងអាវុធហត្ថរបស់លោក រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅជួយដងទឹកចាក់ពន្លត់ភ្លើង ព្រមទាំងមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំបូរ១គ្រឿងចុះមកជួយបាញ់ទឹកពន្លត់ផងដែរ។

លោកបានបន្តថា ដោយមានអន្តរាគមន៍ពីសមត្ថកិច្ច និងប្រជាពលរដ្ឋទើបភ្លើងឆាបឆេះរថយន្តខាងលើត្រូវបានពន្លត់ទាំងស្រុង ប៉ុន្តែរថយន្តនេះត្រូវឆេះខូចខាតអស់មួយកំណាត់ក្រោយ ប៉ុន្តែមិនបណ្តាលឲ្យ​មនុស្សរងគ្រោះនៅក្នុងហេតុការណ៍នោះឡើយ៕

មតិយោបល់