ភ្នំពេញៈ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បានស្នើឱ្យប្រទេសជប៉ុនបន្តជួយចលនាអ្នកវិនិយោគជប៉ុន និងរដ្ឋាភិបាលជប៉ុន ពិនិត្យលទ្ធភាពមកវិនិយោគ និងជួយផ្តល់នូវបច្ចេកទេសផ្នែកជ្រើសរើសពូជ ម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនសម្ងួតស្រូវបន្ថែមនៅកម្ពុជា។
ការស្នើឡើងនេះបានធ្វើឡើង ខណៈពេលសម្តេចប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា សម្តែងការគួរសម និងធ្វើសវនាការនៅវិមានព្រឹទ្ធសភា។
យោងតាមនាយកដ្ឋានព័ត៌មានបានឲ្យដឹងថា ក្នុងជំនួបនោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្វាមគន៍ដោយក្តីសោមនស្សរីករាយ ដោយបានជួបជាថ្មីម្តងទៀត ក្នុងឱកាសដែលលោកត្រូវបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាពេលនេះ។
លោក តាកាហាស៊ី ហ្វូមីអាគី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ក្រោយពីលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ក្នុងកំឡុងឆ្នាំ២០០៣រហូតដល់ឆ្នាំ២០០៧។
លោកលើកឡើងថា “បច្ចុប្បន្ននេះ ការអភិវឌ្ឍនៅកម្ពុជាមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ដែលក្នុងនោះ ខ្ញុំក៏បានរួមចំណែកកៀងគអ្នកវិនិយោគធំៗមកវិនិយោគនៅកម្ពុជាផងដែរ ហើយអ្នកវិនិយោគជប៉ុន ក៏មានការចាប់រម្មណ៍ទៅលើការវិនិយោគបខាងវិស័យសុខភិបាល ជាក់ស្តែង មន្ទីរពេទ្យសាន់រាយស៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៦កន្លងមកនេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលក្នុងឱកាសនោះ សម្តេច បានកោតសរសើរ មន្ទីរពេទ្យសាន់រាយន៍នេះ មានឧបករណ៍ទំនើបៗ អាចធ្វើការវះកាត់ខួរក្បាលអ្នកជំងឺដែលរងគ្រោះថ្នាក់ មានដូចជា ឈាមកកក្នុងខួរក្បាល ឬ ស្ទះសរសៃឈាមក្នុងខួរក្បាល ដែលការវះកាត់នោះប្រើរយៈពេលត្រឹមតែ១ម៉ោងទៅ២ម៉ោង ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ”។
ជាមួយគ្នានោះលោកបានសង្កេតឃើញថា បច្ចុប្បន្នប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំងលើវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ ដូចជាការសាងសង់អគាធំៗ និងរោងចក្រក៏មានការរីកចម្រើនដែរ។
ចំពោះការហោះហើរត្រង់ ពីទីក្រុងតូក្យូមករាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនANA ប្រជាជនជប៉ុន មានភាពងាយស្រួលក្នុងការធ្វើដំណើរមកកម្ពុជា។ ទន្ទឹមនេះ លោក សន្យានឹងបន្តការកៀងគអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត។
ជាការឆ្លើយតប សម្តេច ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងបានចាត់ទុកថា “មន្ទីរពេទ្យសាន់រ៉ាយស៍នៅកម្ពុជា គឺជានិមិត្តរូបថ្មីមួយទៀត នៃចំណងមិត្តភាពរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ហើយនឹងបានដើរតួនាទីសំខាន់ដល់ការរួមចំណែក លើកកម្ពស់វិស័យសុខាភិបាល និងជួយប្រជាជនកម្ពុជារងគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺផ្សេងទៀត”។
ចំពោះសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា សម្តេច បានមានប្រសាសន៍ថា កម្ពុជា មានសន្តិភាពពេញលេញ និងការអភិវឌ្ឍ ក្រោមការការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ។ នៅកម្ពុជា គ្មានទេវិបត្តិនយោបាយ គឺមានតែអ្នកនយោបាយធ្វើខុស ប្រឈមមុខនឹងច្បាប់ ជាក់ស្តែង គឺជាករណីបុគ្គលនិងតុលាការ មិនមែនជារឿងនយោបាយទេ។
លោក ប្រធានសមាគមនជប៉ុន-កម្ពុជា ក៏បានមានចំណាប់អារម្មណ៍ អំពី សភាពការនយោបាយ និងបញ្ហាប្រឈមរបស់ប្រជាកសិករកម្ពុជា អំពីតម្លៃស្រូវដែលកំពុងធ្លាក់ចុះ។ លោកចង់ឲ្យស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ត្រៀមលក្ខណៈជាមុន និងពង្រឹងសមត្ថភាព នៅតាមមូលដ្ឋាន ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សម្តេចបានទទួលស្គាល់ និងថ្លែងអំណរគុណ ចំពោះចំណាប់អារម្មណ៍លើបញ្ហាសភាពការនយោបាយ និងបញ្ហាប្រឈមរបស់ប្រជាកសិករកម្ពុជា សម្តេចបានជម្រាបជូនថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងតែអនុវត្តក្នុងកំណែទម្រង់ស៊ីជម្រៅយ៉ាងសកម្ម ដោយប្រើប្រាស់វិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន៕
មតិយោបល់