កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកកែវទៅវាយលើបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចកន្លែងលក់សាច់ក្លែម (សាច់ឆ្កែ) ក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះហ៊ាង បូរី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ មានស្រុកកំណើតភូមិបឹងកុកពីរ ឃុំបឹងកុកពីរ ស្រុកកំពង់ចាមខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីកន្លែងកើតហេតុ មានអំបែងកែវមានដៃកាន់បែកជាច្រើនបំណែក។ ចំណែកជនរងគ្រោះមានឈ្មោះ ញឹក ភាភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីយោធា ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កបានអង្គុយផឹកស្រាប៊ៀរនៅកន្លែងគេលក់សាច់ក្លែម(សាច់ឆ្កែ) ប៉ុន្តែតុផ្សេងគ្នា ខណៈដែលកំពុងផឹក ជនដៃដល់បានមើលមុខជនរងគ្រោះ ត្រូវបានជនរងគ្រោះថា អាអូនមើលមុខបងចឹងក្នុងនាមអ្វី? ពេលសួររួចជនរងគ្រោះបានដើរទៅតុវិញភ្លាមនោះស្រាប់តែជនបង្ករបានយកកែវ មានដៃវាយទៅលើជនរងគ្រោះចំមុខបណ្ដាលឲ្យបែកកែវ រងរបួស៣កន្លែងដេរចំនួន១១ថ្នេរ ។ ក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ កម្លាំងនគរបាលប៉ុស្តិ៍គគីរ បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនល្មើសឈ្មោះហ៊ាង បូរីភេទប្រុសនិងវត្ថុតាងអំបែងកែវ មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់