
ការប្រកួតបាល់ទាត់ជម្រើសជើងឯកជាតិឆ្នាំ២០១២ ដែលហៅថាLeague ឬMetfone Cambodian League ជើងទី១ នឹងត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃសៅរ៍ទី១០មីនានេះហើយ ដោយមានពីរប្រកួត ។
សំរាប់ការជួបគ្នាក្នុងថ្ងៃបើកឆាកដំបូងគេនេះ ក្រុមណាហ្គាខប និងត្រូវជួបជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) និងនៅលើកទី២ ក្រុមគីរីវង់សុខសែនជ័យ ជួបជាមួយ ក្រុមចម្ការកៅស៊ូបឹងកេត។
រវាងក្រុមណាហ្គាខបនិងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជាការជួបរវាងក្រុមលំដាប់លេខ២(ណាហ្គាខប) និងលំដាប់លេខ៧(ប៉ូលិស) នៅក្នុងក្របខ័ណ្ឌ Leagueឆ្នាំ២០១១ ។ ក្នុងការជួបគ្នាពីរលើកកាលពីឆ្នាំមុន នៅជើងទី១ណាហ្គាខបលេងចាញ់ប៉ូលីស១ទល់២ តែនៅជើងទី២ណាហ្គាខបឈ្នះប៉ូលិសវិញ១ទល់០ ។
ក្រុមប៉ូលិសនេះ សម្បូរទៅដោយកីឡាករក្មេងៗច្រើន បើប្រៀបជាមួយក្រុមណាហ្គាខបនោះ ប៉ុន្តែបើនិយាយពីទិចនិច និងបទពិសោធន៍នៃការលេង គឺមិនដល់នាហ្គាខបទេ ។ ទោះជាយ៉ាងណាក្តី គេមិនអាចទស្សន៍ទាយមុនបានទេថាអ្នកណាឈ្នះអ្នកណាចាញ់នោះ ត្បិតណាហ្គាខបធ្លាប់ត្រូវក្រុមប៉ូលិសបំបាក់ម្តងរួចទៅហើយកាលពី ជើងទី១League ឆ្នាំទៅ។
ចំពោះការជួបរវាងក្រុមគីរីវង់សុខសែនជ័យ និងក្រុមចម្ការកៅស៊ូបឹងកេត ពីរក្រុមនេះពុំដែលធ្លាប់ជួបគ្នាទេ។ កាលពីឆ្នាំមុន ចម្ការកៅស៊ូបឹងកេតមិនមានមុខក្នុង Leagueទេ ពោលគឺក្រុមនេះ ទើបតែចូលលេងក្របខ័ណ្ឌ Leagueជាលើកដំបូងប៉ុណ្ណោះ ។
ចម្ការកៅស៊ូបឹងកេត ជាក្រុមដែលទើបឡើងមកពីក្របខ័ណ្ឌក១ ។ ក្រុមនេះ ថ្វីត្បិតតែជាក្រុមថ្មី ប៉ុន្តែបានធ្វើព្យុះភ្លៀងនៅក្នងការប្រកួតដណ្តើមពានរង្វាន់Hun Sen Cup2012ដែលទើបបញ្ចប់ទៅថ្មីៗនេះ ។ ក្រុមនេះពុំទាន់ដឹងច្បាស់ មានបញ្ចូលកីឡាករបរទេសឲ្យជួយលេងឬអត់នោះទេ ។
សំរាប់ក្រុមគីរីវង់សុខសែនជ័យ គឺមានកីឡាករស្បែកខ្មៅជួយលេង ។គីរីវង់មានលំដាប់លេខរៀងទី៦ ក្នុងក្របខ័ណ្ឌ Leagueឆ្នាំ២០១១ ។ ក្រុមនេះ ពិបាកនឹងសន្និដ្ឋានបានណាស់ ព្រោះពេលខ្លះលេងល្អ ពេលខ្លះលេងអន់ទាល់តែមែនទែន ។ ដូច្នេះ ជួបចម្ការកៅស៊ូបឹងកេតនេះ មិនដឹងថាឈ្នះឬចាញ់ទេ ? ។
គួរបញ្ជាក់ថា Metfone Cambodian League 2012 មានក្រុមចំនួន ១០ ចូលរួមប្រកួត ក្នុងនោះ ៨ ក្រុមជាក្រុមដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៨នៅក្នុង League ឆ្នាំ២០១១ និង ២ក្រុមទៀតជាក្រុមឡើងពីក្របខ័ណ្ឌក១មកជំនួស ២ ក្រុមដែលជ្រុះធ្លាក់ពី League គឺជំនួសក្រុមព្រែកប្រាកីឡា និងក្រុមឫទ្ធីសែនខេត្តកំពង់ឆ្នាំង។រីឯក្រុមចំណាត់ថ្នាក់ទាំង៨នៅក្នុង League ២០១១នោះ រួមមានភ្នំពេញក្រោន ណាហ្គាខប ព្រះខ័នរាជ ក្រសួងការពារជាតិ បៀលប្រាយ គីរីវង់សុខសែនជ័យ អគ្គស្នងការនគរបាលជាតិ និង ឆ្លាមសមុទ្រ ។ ចំពោះ ២ ក្រុមដែលឡើងមកថ្មីនោះគឺសាកលវិទ្យាល័យ Western និង ក្រុមចំការកៅស៊ូបឹងកេតខេត្តកំពង់ចាម ។
League ឆ្នាំនេះ លេង២ជុំដូចឆ្នាំមុនដែរ ដោយចុងក្រោយមានវគ្គPlay Off ។ ក្រុមចំនួន ៤ ដែលមានពិន្ទុលើគេ នឹងត្រូវលេងវគ្គ Play-Off នេះ ដើម្បីចំរាញ់យកក្រុមជើងឯកសម្រាប់ឆ្នាំ២០១២នេះ ៕

មតិយោបល់