ព័ត៌មានជាតិ

តម្រួតថៃ អនុវត្តដីកាតុលាការក្រុងភ្នំពេញ ចាប់ខ្លួនឃាតកម្នាក់

ប្រទេសថៃៈ ជនសង្ស័យម្នាក់ដែលជាឃាតករប៉ុនប៉ងសម្លាប់មនុស្ស ហើយត្រូវបាន តុលាការរាជធានីភ្នំពេញចេញដីកា​ចាប់ខ្លួន​នោះ គឺក្រុមតម្រួតថៃបានសហការអនុវត្តដីកានេះ ព្រមទាំងបានតាមចាប់ខ្លួនជនសង្ស័យនាំយកមកប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍​ប្រចាំ​ច្រកអន្តរជាតិប៉ោយប៉ែត កាលពីល្ងាចថ្ងៃសុក្រនេះ ខណៈដែលជនសង្ស័យបានទៅសំងំលាក់ខ្លួននៅក្នុងប្រទេស​ថៃ​អស់​រយៈពេលជិត២ឆ្នាំរួចមក ។

គួរបញ្ជាក់ដែរថា កាលពីអំឡុងឆ្នាំ២០១៤ មានករណីប៉ុនប៉ងមនុស្សឃាតមួយបានកើតឡើងទៅលើកូនប្រុសរបស់មន្ត្រីនគរបាល​ប្រចាំក្រុងប៉ោយប៉ែត ដោយកាលណោះមុខសញ្ញាសង្ស័យមានចំនួន៣នាក់ ។ ប៉ុន្តែភ្លាមៗក្រោយពេលកើតហេតុជនសង្ស័យចំនួនពីរនាក់ត្រូវបានឃាត់ខ្លួន​ដោយឡែក​ម្នាក់​ទៀតឈ្មោះ ផាត់ ប៊ុនធឿន ភេទប្រុសអាយុ៣១ឆ្នាំ បានគេចខ្លួនចូលទៅក្នុងទឹកដីថៃរហូតមកទល់នឹងពេលនេះ ទើបតុលាការរាជធានីភ្នំពេញបាន​ចេញដីកា បង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យរូបនេះ ព្រមទាំងបានសុំឲ្យភាគីថៃជួយសហការក្នុងការស៊ើបអង្កេតរកមុខសញ្ញារូបនេះ យកមក​ផ្តន្ទា​​ទោសតាមផ្លូវច្បាប់ ។

បន្ទាប់ពីតាមស្រាវជ្រាវអស់រយៈពេលប្រមាណ២ឆ្នាំ តម្រួតថៃបានឃាត់ខ្លួនមុខសញ្ញានេះបានកាលពីល្ងាចថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៦ ដោយជន​សង្ស័យ​រូបនេះទៅសម្ងំលាក់ខ្លួននៅក្នុងខេត្តសាមុតប្រាកាន ប្រទេសថៃហើយនៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះ លោក ប្រាក់ផាន់សាក់ ប្រាក់សាន​សុខ នាយការិយាល័យតម្រួតអន្តោប្រវេសន៍ខេត្តស្រះកែវ បាននាំខ្លួនជនសង្ស័យមកធ្វើការប្រគល់ឲ្យភាគីកម្ពុជាវិញដើម្បីដំណើរការកាត់ទោសតាមផ្លូវ​ច្បាប់ដោយមានលោក ធៀន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិប៉ោយប៉ែតជាអ្នក​ដឹកនាំកម្លាំងទៅទទួលជនសង្ស័យ​ពីភាគីថៃព្រម​ទាំងបាននាំយកទៅជាមួយនូវដីកាចាប់ខ្លួនរបស់តុលាការរាជធានីភ្នំពេញទៅជាមួយផងដើម្បីបង្ហាញភាគីថៃ ។

បច្ចុប្បន្នក្រោយពេលទទួលជនសង្ស័យពីភាគីថៃ ដោយមានការសហការគ្នាយ៉ាងស្អិតរមួតរួចមកនគរបាលជំនាញកម្ពុជា កំពុងបំពេញបែបបទនិង​កសាង​សំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ៕

ឃាតករ

មតិយោបល់