ស្ទឹងត្រែងៈ ក្រោយពី post news បានផ្សាយរឿងគ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តកូរ៉េដឹកគោចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ខេត្តរតនគីរីកាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ រួចមកសមត្ថកិច្ចខេត្តស្ទឹងត្រែង ក៏បានបើកការស៊ើបអង្កេតពេញមួយព្រឹកទើបដឹងថា សត្វគោចំនួន៦ក្បាលដែលរថយន្តកូរ៉េដឹកមកពីខេត្តព្រះវិហារនោះ គឺជាសត្វគោ ដែលអ្នកភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ បាត់កាលពីពាក់កណ្តាលយប់ថ្ងៃកើតហេតុ។
ម្ចាស់គោឈ្មោះ សៃ ផងបៃ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើ ក្រោយពីគាត់ដឹងថា បាត់គោ គាត់ ក៏បានទៅប្តឹងសមត្ថកិច្ចខេត្តព្រះវិហារថា គាត់បានបាត់គោចំនួន៦ក្បាល ញី៥ក្បាល ឈ្មោល១ក្បាល ហើយគាត់ក៏បានឲ្យសមត្ថកិច្ចជួយតាមរក។
បន្ទាប់ពីគាត់បានទទួលដំណឹងថា មានរថយន្តកូរ៉េដឹកសត្វគោមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្ទឹងត្រែង គាត់ក៏បានប្រញាប់ប្រញាល់មកពិនិត្យមើល ទើបដឹងថា សត្វគោ ទាំងនោះជាគោរបស់គាត់ពិតប្រាកដមែន ប៉ុន្តែឃើញតែ២ក្បាល ដែលងាប់ប៉ុណ្ណោះ ព្រោះថា៤ក្បាលទៀត ដែលនៅរស់បានផ្អើលរត់បាត់អស់ហើយ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចមិនទាន់មានវិធានយ៉ាងណានោះ គឺរង់ចាំតៃកុងរថយន្តកូរ៉េចេញពីមន្ទីរពេទ្យសិន៕
មតិយោបល់