ព័ត៌មានជាតិ

ផឹកស៊ីទាស់ពាក្យសំដីគ្នា កាប់២ពូថៅ​រងរបួសធ្ងន់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន ក្រោយពីរូបគាត់ បានផឹកស៊ីទាស់ពាក្យសំដីគ្នា ទាញយកពូថៅកាប់ទៅលើជនរងគ្រោះចំនួន២ពូថៅ បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលក់ចាប់ហួយ ផ្លូវបេតុង ក្រុម១៣ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង៤ល្ងាច ជនរងគ្រោះបានដើរពីផ្ទះទៅអង្គុយផឹកស្រាជាមួយអ្នកក្បែរខាង គឺនៅផ្ទះឈ្មោះ រី ភេទស្រី រហូតដល់ម៉ោងប្រហែល៧យប់ ទើបជនរងគ្រោះដើរយកលុយទៅសងឈ្មោះ ប្រុស ដែលមានផ្ទះនៅទល់មុខគ្នា ខណ:នោះស្រាប់តែឃើញជនសង្ស័យឈ្មោះ ថន កុសល កំពុងតែអង្គុយផឹកស្រានៅទីនោះតែម្នាក់ឯង រួចជនរងគ្រោះ ក៏បានដើរចូលទៅ គោលបំណងយកលុយទៅសងឈ្មោះ ប្រុស ដោយមិនទាន់បានយកលុយសងផង ស្រាប់តែជនសង្ស័យបានឃើញជនរងគ្រោះដើរចូលមក ស្មានថា ជនរងគ្រោះចូលទៅវាយខ្លួន ព្រោះធ្លាប់មានទំនាស់ពាក្យសំដីជាមួយគ្នាផង ភ្លាមៗនោះស្រាប់តែជនសង្ស័យបានស្ទុះទៅយកពូថៅពីក្នុងផ្ទះ ដែលខ្លួនកំពុងតែអង្គុយផឹក ទៅកាប់ក្បាលជនរងគ្រោះចំនួន២ពូថៅ បណ្តាលឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចទទួលដំណឹងពីបងប្អូនជនរងគ្រោះ និងធ្វើការស្រាវជ្រាវតាមរកជនសង្ស័យរហូតដល់វេលាម៉ោងប្រហែល១០យប់ថ្ងៃទី២៣ ខែកញ្ញា ក៏បានប្រទះឃើញជនសង្ស័យនៅចំណុចស្ពានអាកាស៧មករា ស្ថិតនៅក្បែរសាលាតិចណូ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ហើយសមត្ថកិច្ចបានឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ ថន កុសល ហៅមឿក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ។  ចំណែកជនរងគ្រោះឈ្មោះ ហេង ណារ៉េត ហៅម៉ាប់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កម្មករ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម១៣ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-09-24_14-20-15

photo_2016-09-24_14-20-18

មតិយោបល់