ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស បានដាក់បញ្ជាជាថ្មីម្តងទៀតហើយ ចំពោះវិធានការលើការទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យរថយន្តធន់ធ្ងន់ចូលក្រុងបន្តទៀត ស្របពេលដែលរថយន្តធន់ធ្ងន់ទាំងនេះនៅតែបន្តល្មើសច្បាប់ចូលក្រុងជាបន្តបន្ទាប់ បណ្តាលឲ្យកកស្ទះចរាចររាល់ថ្ងៃនោះ។
ការដាក់ចេញជាបទបញ្ជាជាថ្មីខាងលើនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៣កញ្ញា នៅសាលារាជធានីក្នុងកិច្ចប្រជុំពិភាក្សាការងារលើការប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហាកកស្ទះក្នុងរាជធានីភ្នំពេញ និងការទប់ស្កាត់រថយន្តធន់ធ្ងន់ចូលក្រុង ។
ក្នុងកិច្ចប្រជុំពិភាក្សានោះលោកប៉ា សុជាតិវង្ស បានដាក់ចេញគោលការណ៍អនុវត្ត ចំនួន២ចំណុច ក្នុងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការណែនាំដល់មន្ត្រីសមត្ថកិច្ចអំពីរថយន្តប្រភេទណាត្រូវបច្ចេកទេស និងមិនត្រូវបច្ចេកទេសឲ្យបានយល់គ្រប់ខណ្ឌទាំង១២ ។ មន្ទីរសាធារណការ និងសមត្ថកិច្ចត្រូវពិភាក្សាដាក់គោលដៅចាប់រថយន្តដែលល្មើស ហើយផ្សាយជាសាធារណៈតែម្តង។នេះបើយោងតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេកបុករបស់លោកប៉ា សុជាតិវង្សអភិបាលរាជធានី ដោយក្នុងបណ្តាញសង្គមនេះបានសរសេរថា «នៅល្ងាចថ្ងៃទី២៣ កញ្ញា ខ្ញុំបានដឹកនាំប្រជុំពិភាក្សាការងារប្រើប្រាស់កម្លាំងដោះស្រាយបញ្ហាកកស្ទះក្នុងរាជធានីភ្នំពេញ និងការទប់ស្កាត់រថយន្តធន់ធ្ងន់ចូលក្រុង។
ជាក់ស្តែងយើងបានធ្វើការងារជាច្រើនដើម្បីដោះស្រាយបញ្ហាទាំង២ ប៉ុន្តែវាពិតជាមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពជារួមបាននៅឡើយ។ ការស្ថាបនាផ្លូវនានារួមទាំងផ្លូវក្រវាត់ក្រុងជាង ១៥០គីឡូម៉ែត្រ ការពង្រីកផ្លូវ ការរៀបចំភ្លើងស្តុប ការរៀបចំដាក់របាំងបែងចែកទ្រូងផ្លូវ ការរៀបចំស្លាកសញ្ញាចរាចរណ៍ និងការបន្ថែមសមត្ថកិច្ចចរាចរណ៍ជាប់កិច្ចសន្យា ៣០០នាក់ នៅតែមិនទាន់ដោះស្រាយអស់នូវចំណុចកកស្ទះប្រមាណជា១៥៥គោលដៅ នៅទូទាំងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណា យើងត្រូវតែប្តេជ្ញាបន្តដោះស្រាយឲ្យអស់ពីលទ្ធភាព។
ចំពោះការទប់ស្កាត់រថយន្តធន់ធ្ងន់ចូលក្រុងត្រូវតែច្បាស់លាស់ឡើងវិញ ខ្ញុំសូម ដាក់ចេញគោលការណ៍អនុវត្ត ២ចំណុច ទី១មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការណែនាំដល់មន្ត្រីសមត្ថកិច្ចអំពីរថយន្តប្រភេទណាត្រូវបច្ចេកទេស និងមិនត្រូវបច្ចេកទេសឲ្យបានយល់គ្រប់ខណ្ឌ ។ ទី២មន្ទីរសាធារណការ និងសមត្ថកិច្ចត្រូវពិភាក្សាដាក់គោលដៅចាប់រថយន្តដែលល្មើស ហើយផ្សាយជាសាធារណៈតែម្តង៕
មតិយោបល់