ព័ត៌មានជាតិ

បង្កប់ឈើប្រណីតលើដំបូលរថយន្ត និងដាក់កេះបន្លំភ្នែកសមត្ថកិច្ចត្រូវកម្លាំងអាវុធហត្ថ ឃាត់ខ្លួនមនុស្ស៣នាក់

រតនគិរីៈ ក្រុមការងារចុះស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ បានឃាត់មនុស្ស៣នាក់ និងរថយន្តហុីយ៉ានដាយ (ត្រូពិច)ពណ៌ទឹកសមុទ្រ មួយគ្រឿងគ្មានស្លាកលេខ នៅចំណុចភូមិគ្លិះ ឃំុ សើង ស្រុកបកែវ ខេត្តរតនគីរី ពាក់ព័ន្ធនិងការដឹកជញ្ជូនឈើខុសច្បាប់។

ករណីបង្ក្រាបនេះដែរ សមត្ថកិច្ចបានត្រួតពិនិត្យឃើញក្នុងរថយន្តនេះមានដឹកឈើប្រណីតប្រភេទធ្នង់ជាច្រើនសន្លឹក ដោយប្រើរូបភាពបង្កប់ឈើលើដំបូល និងដាក់កេសដើម្បីបន្លំបំភ័ន្តភ្នែកសមត្ថកិច្ចជំនាញ។ សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរឈ្មោះ គា ភឹម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរសុីឈ្នួលបើកឡានដឹកឈើ មានទីលំនៅ ភូមិ ត្រពាំងចក ឃុំ អញ្ចើម ស្រុក ត្បូងឃ្មុំ។ ដោយអ្នកបើកបររូបនេះបានសារភាពថា ខ្លួនបានសីុឈ្នួលបើកឡានឲ្យឈ្មោះ ចាន់ សុភាព ដែលជាម្ចាស់ឈើ ។

ឈ្មោះ ចាន់ សុភាព ភេទ ស្រី អាយុ៣០ឆ្នាំ មានទីលំនៅ ផ្ទះជួល ភូមិ ភ្នំស្វាយសង្កាត់បឹងកន្សែង ក្រុងបានលុង ម្ចាស់ឈើ បានប្រាប់ថា ឈើដែលគាត់ដឹកនេះ គឺបានប្រមូលទិញតាមម៉ូតូដឹកចេញពីព្រៃយកមកលាក់ទុកតាមផ្ទះនៅក្រុងបានលុង ខេត្តរតនគីរី ហើយប្រមូលដាក់រថយន្តដឹកឆ្ពោះទៅលក់នៅទឹកដីវៀតណាមឆ្លងកាត់ច្រកអន្តរជាតិអូរយាដាវ ស្ថិតក្នុងស្រុកអូរយ៉ាដាវ។ ចំណែកព្រូឡានមាន ឈ្មោះ មាស វិត អាយុ ២៤ ឆ្នាំ ស្រុកកំណើត ភូមិត្រោក ឃុំ គ្រោះ ស្រុកស្វាយជ្រំុ ខេត្ត ស្វាយរៀង។ បច្ចុប្បន្នស្នាក់នៅ ផ្ទះជួល សង្កាត់បឹងកន្សែង ក្រុងបានលុង។

គួរំលឹកថា បទល្មើសព្រៃឈើមួយរយៈនេះត្រូវបានស្ងប់ស្ងាត់ចំពោះសកម្មភាពដឹកជញ្ជូនលក្ខណះទ្រង់ទ្រាយធំៗ បន្ទាប់ពីគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសព្រៃឈើធ្វើការបង្ក្រាបបោសសំអាតទទួលលទ្ធផលមួយចំនួនធំនោះ។ ទន្ទឹមនឹងបទល្មើសទាំងនេះបានស្ងប់ស្ងាត់ ក៏ក្នុងរយៈពេលជាងមួយខែកន្លះកន្លងទៅនេះ នៅមានក្រុមឈ្មួញមួយចំនួនតូចនៅតែរឹងរូសបានប្រើគ្រប់ល្បិចកល មកប្តូរជារូបភាពឲ្យប្រជាពលរដ្ឋដឹកចេញពីព្រៃតាមម៉ូតូ យកមកដាក់តាមផ្ទះ លក្ខណះតូចៗ តែសកម្មភាពទាំងនេះដូចសត្វកណ្តៀរពូនរួចហើយឈ្មួញមកប្រមូលទិញដឹកតាមឡានតូរីស កែច្នៃបាត និងដំបូលផ្ទុកឈើបានយ៉ាងច្រើនដើម្បីដឹកបញ្ជូនបន្តទៅលក់នៅទឹកដីវៀតណាម។ ឈ្មួញបានប្រើរូបភាពនេះគ្រប់ទីកន្លែងនៅតំបន់ភូមិភាគឥសាន្ត ដោយបន្លំសមត្ថកិច្ចថា បទល្មើសទាំងនេះ មានលក្ខណះទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។

សមត្ថកិច្ចបន្តថា រថយន្តជាមួយវត្ថុតាងឈើប្រណីតចាប់យកក្នុងបទល្មើសជាក់ស្តែង និងមនុស្ស៣នាក់កំពុងធ្វើការត្រួតពិនិត្យសាកសួរតាមនីតិវិធី ដើម្បីបញ្ជូនឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តកសាងសំណុំរឿងទៅសាលាដំបូងខេត្ត៕

photo_2016-09-24_19-26-45photo_2016-09-24_19-26-48photo_2016-09-24_19-26-51

មតិយោបល់