អាមេរិកៈ ពាក្យចរចាមអារាមកាន់តែខ្លាំង ហើយកំពុងវាយប្រហារទៅលើលោក Brad Pitt ដែលជាស្វាមីត្រៀមលែងលះគ្នា ជាមួយតារាហូលីវូដ ដ៏ល្បាញល្បីលើពិភពលោក អ្នកនាង Angelina Jolie នោះគឺពាក្យចោទប្រកាន់ថា លោក Pitt បានប្រើអំពើហិង្សាលើ Maddox កូនចិញ្ចឹមជនជាតិខ្មែរ។ នេះបើតាមការដកស្រង់ពី Daily Mail របស់អង់គ្លេស នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។
វីដេអូ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញអ៊ីនធើណែត បានបង្ហាញឲ្យឃើញពីសកម្មភាព Pitt ដែលទំនងជាបានស្រែកគំហកទៅកាន់កូនប្រុសវ័យជំទង់ឈ្មោះ Maddox ប៉ុន្តែឪពុកចិញ្ចឹមរូបនេះ មិនបានបំពារបំពានលើរូបរាងកាយរបស់ក្មេងប្រុសម្នាក់ ដែលយកពីកម្ពុជាទៅនោះឡើយ មុននឹងក្រុមគ្រួសារ ហូលីវូដ មួយនេះ ធ្វើដំណើរតាមរថយន្តដែលមកទទួលដល់ជណ្តើរយន្តហោះ។
គួរបញ្ជាក់តាមសម្តីពិតរបស់មិត្ត Brad Pitt ដែលមិនបានបញ្ចេញឈ្មោះថា Pitt មិនបានបង្ហាញក្តីព្រួយបារម្ភ អ្វីសោះឡើយ ចំពោះការចោទប្រកាន់ ឬពាក្យចរចាមអារាមទាំងនោះ ព្រោះលោកមិនបានប្រព្រឹត្តដូចការចោទនោះឡើយ។ តាមវីដេអូ ដែលបានលេចធ្លាយនោះ គឺ Pitt គ្រាន់តែបង្ហាញសកម្មភាពរអ៊ូររទាំ ឬក៏អាចជាការស្តីបន្ទោសទៅលើ Maddox ដែលមិនបានបង្ហាញពីការប៉ះពាល់ដល់រាងកាយសូម្បីបន្តិច៕
មតិយោបល់