ថៃៈ យ៉ាងហោចណាស់ក៏មានមន្ត្រីយោធាថៃចំនួន៥នាក់ ដែលបានស្លាប់ និងរបួស ក្នុងការដាក់បំផ្ទុះគ្រាប់ទៅលើរថយន្តមួយគ្រឿង នៅភាគខាងត្បូងនៃប្រទេសថៃ ព្រមទាំងមានការបាញ់តដៃគ្នាមួយសន្ទុះផងដែរ ខណៈដែលក្រុមយោធាថៃកំពុងចេញល្បាត ដោយប្រើប្រាស់រថយន្តចំនួន២គ្រឿង ទៅកាន់តំបន់នោះដើម្បីតាមរកមុខសញ្ញាខ្មាំង ដែលជាក្រុមពួកឧទ្ទាម ហ៊ូបៃឌីឡាក់ ដែលមានសញ្ជាតិជាកូនកាត់ ថៃ ភូមា និងចុះល្បាត ស្វែងរកមុខសញ្ញាជួញដូរគ្រឿងញៀនផងដែរ។
ហេតុការណ៍នៃការដាក់បំផ្ទុះគ្រាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ បានលូ ប៉ូកាឡូ ស្ថិតក្នុងភូមិ៤ ឃុំពុរោង ស្រុកក្រុងពិណាំង ខេត្តយ៉ាក់ឡា ស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃ ដែលនៅជាប់នឹងព្រំដែនប្រទេសភូមា។
របាយការណ៍ពីប្រទេសថៃ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តរបស់ក្រុមយោធាចំនួន២គ្រឿង បានចេញល្បាតទៅកាន់ភូមិសាស្ត្រខាងលើ ដើម្បីពិនិត្យមើលសភាពការក្រុមឧទ្ទាម និងស្រាវជ្រាវរកមុខសញ្ញាជួញដូគ្រឿងញៀនផង លុះទៅដល់ត្រង់ចំនុចខាងលើ ក៏ស្រាប់តែរថយន្តខាងក្រោយដែលបើកបរឃ្លាតគ្នាប្រហែល៥០ម៉ែត្រពីគ្នា បានរងនូវការបំផ្ទុះគ្រាប់ចេញពីក្រោមដី បណ្តាលឲ្យតួរថយន្តដាច់ជាពីរកំណាត់ និងបង្កឲ្យមន្ត្រីយោធាចំនួន៣នាក់ ស្លាប់នៅនឹងកន្លែង រីឯ២នាក់ទៀតត្រូវរងរបួសធ្ងន់។
ភ្លាមៗនោះដែរ បន្ទាប់ពីមានហេតុការណ៍កើតឡើងបែបនេះ ខ្មាំងដែលមានគ្នាមិនក្រោម ៧នាក់ បានធ្វើការបាញ់ស្ទាក់មិនឲ្យកំលាំងរបស់រថយន្តខាងមុខចូលមកជួយ ដោយបានបំបែកគ្នាខ្លះលបចូលទៅប្រមូលអាវុធអស់ចំនួន៦ដើម គឺអាវុធវែង៣ដើម និងអាវុធ ខ្លីចំនួន៣ដើមដែរ ព្រមទាំងបានគេចខ្លួនបាត់អស់តែម្តង។
ក្រោយពេលកើតហេតុ ក្រុមជំនាញបានចុះទៅសិក្សាគឺសង្កេតឃើញមានបំណែកធុងហ្គាសខ្នាត១៦គីឡូក្រាម ព្រមទាំងមានខ្សែភ្លើងពណ៌ប្រផេះប្រវែងជាង១០០ម៉ែត្រផងដែរ ទើបគេអាចសន្និដ្ឋានបានថា ក្រុមឧទ្ទាមអាចប្រើប្រាស់គ្រាប់ច្នៃភ្ជាប់ជាមួយ ធុងហ្គាសទម្ងន់ប្រហែល៨០គីឡូក្រាម ដោយប្រើប្រាស់ថាមពលថ្មពិល ដើម្បីចុច បំផ្ទុះឡើង នៅពេលដែលរថយនកតបានទៅដល់គោលដៅដែលគេបានកំណត់ ដោយគេបានដាក់បង្កប់គ្រាប់ច្នៃនេះនៅក្នុងលូក្រោមថ្នល់។
ដោយឡែកចំពោះមុខកាត់មាត់រណ្តៅនៃកំលាំងផ្ទុះនេះមានប្រវែង៤ម៉ែត្រ និងជម្រៅ១ម៉ែត្រ ហើយរថយន្តត្រូវដាច់ជាពីរកំណាត់ ដែលសមត្ថកិច្ចបាននិយាយថា នេះគឺជាស្នាដៃរបស់ក្រុមឧទ្ទាម ហ៊ូបៃឌីឡាក់ យ៉ាងពិតប្រាកដ ដែលគេតែងធ្វើសកម្មភាពជាញឹកញាប់ នៅភាគខាងត្បូងនៃប្រទេសថៃនេះ ដោយមិនចំពោះតែខេត្តយ៉ាក់ឡាមួយនេះទេ៕
មតិយោបល់