ភ្នំពេញៈ លោក គ្រីស្យង់ហ្គោគីឡាំងដេលីយែ ហៅ ប៉ាពី(Papy) អាយុ៨២ ឆ្នាំ ជាប្រធានអង្កការ ភាពញញឹមនៃកុមារ បានទទួលមរណៈភាព ដោយរោគាពាធ នៅវេលាម៉ោ១៩:០០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៦ នៅក្នុងអង្កការភាពញញឹមនៃកុមារ។
ការទទួលមរណៈភាពរបស់លោកនេះ បានធ្វើឲ្យមានការសោកស្ដាយជាខ្លាំង ដោយសកម្មភាពមនុស្សធម៌ ជាច្រើនរបស់លោក បានជួយកុមារកម្ពុជារាប់ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងកុមារទាំងនោះឲ្យទទួលបានការសិក្សា អាហារ និងការស្នាក់នៅសមរម្យ ព្រមទាំងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀត។
ក្នុងនោះដែរ លោក សេង សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យ បានអញ្ជើញចូលរួមនៅមរណៈទុក្ខ ចំពោះ លោក គ្រីស្យង់ហ្គោគីឡាំងដេលីយែ នៅក្នុងអង្កការភាពញញឹមនៃកុមារផងដែរ។
លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ជាជនជាតិបារាំង ហើយដោយសារតាមរយៈសកម្មភាព មនុស្សធម៌ជាច្រើនរបស់លោក ព្រះមហាក្សត្រកម្ពុជា បានប្រទានសញ្ជាតិខ្មែរជូនលោក។
សពលោកនឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានអាសយដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌមានជ័យ ភ្នំពេញ (ក្បែរផ្សាសឡា)។
គួរបញ្ជាក់ដែរថា សពនឹងត្រូវដង្ហែទៅកាន់វត្តឫស្សីសាញ់ នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១រសៀល។ អាស្រ័យដូចបានជម្រាបខាលើ ចាត់ទុកជាការយាងអញ្ជើញឯកឧត្តម លោកជំទាវ អ្នកឧកញា លោក-លោកស្រី អ្នកនាង កញ្ញា ព្រមទាំងសិស្សានុសិស្សទាំងអស់ ដើម្បីចូលរួមគោរព វិញ្ញាណក្ខន្ធសពតាមការគួរ៕
មតិយោបល់