ភ្នំពេញៈ ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ រួមមានខណ្ឌច្បារអំពៅ សែនសុខ និងខណ្ឌមានជ័យ នឹងគ្មានចរន្តអគ្គិសនីប្រើប្រាស់រហូតដល់ម៉ោង៣៖០០នាទីរសៀល នៅថ្ងៃទី២៥ ខែកញ្ញានេះ។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃសុក្រ ទី២៣ ដល់ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមអគ្គិសនីកម្ពុជា ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល នឹងធ្វើការផ្អាកការផ្គត់ផ្គង់អគ្គិសនី ១-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទ្រា ភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(សាខាអូរបែកក្អម) ២-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិត្រពាំងឈូក ភូមិស្លែងរលើង ភូមិទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(សាខាអូរបែកក្អម) ៣-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិបឹងឈូក ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ(សាខាចាក់អង្រែក្រោម) និងទី៤-តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(សាខាចាក់អង្រែក្រោម)។
ការផ្ដាច់ភ្លើងនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃនេះ គឺដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕

មតិយោបល់