កំពង់ចាមៈ ទ្វារទឹកដែលអ្នកស្រុកហៅថា ការ៉ាស់តាកុដ ត្រូវបានសាងសង់ឡើង នាសម័យកាលកម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្នប្រែក្លាយជាតំបន់កម្សាន្តលំហែកាយមួយ ដែលអ្នកស្រុកតែងតែនាំគ្នាទៅងូតទឹកលេង ដោយជនរងគ្រោះ២នាក់ បានចុះហែលទឹកលេងនៅមុខទ្វារទឹក បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្រោមសម្ពាធខ្សែទឹកហូរគាបជាប់នឹងទ្វារទឹក ហើយសាកសពស្ត្រីរងគ្រោះម្នាក់ ត្រូវបានរកឃើញភ្លាមៗ និងម្នាក់ទៀត១ថ្ងៃក្រោយទើបរកឃើញសាកសពកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ កញ្ញា ២០១៦។
គួររំលឹកថា ស្ត្រីម្នាក់ត្រូវបានគេជួយរករហូតប្រទះឃើញសាកសព និងបុរសម្នាក់មិនទាន់រកឃើញសាកសពនៅឡើយទេ ការស្លាប់បាត់បង់ជីវិតរបស់ជនរងគ្រោះទាំង២នាក់ ដោយសារតែពួកគេបាននាំគ្នាទៅហែលទឹកលេង នៅមុខការ៉ាស់បិទបើកទឹក ហើយត្រូវទឹកហូរបឺតគាបជាប់នឹងទ្វារទឹក ដែលហេតុការណ៍នេះបានកើតមានឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចការ៉ាស់ទឹកតាកុដ ស្ថិតនៅក្នុងភូមិអូរណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ក្នុងករណីលង់ទឹកនេះ គឺទី១.ឈ្មោះ ម៉ៅ ផល្លា ភេទស្រីអាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស។ ទី២.ឈ្មោះ សុឹម ហ៊ុច ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានបញ្ជាក់ថា នៅកន្លែងកើតហេតុ គឺជាការ៉ាស់មុខទ្វារបិទបើកទឹក ដែលមានកម្លាំងសម្ពាធទឹកហូរខ្លាំង អាចធ្វើឲ្យមនុស្សស្លាប់បាត់បង់ជីវិតបានគ្រប់ពេល ដូច្នេះប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវនាំគ្នាទៅហែលទឹកលេងនៅកន្លែងមានគ្រោះថ្នាក់នេះទៀតទេ។
ក្រោយពីកើតហេតុ កម្លាំងជំនាញបច្ចេកទេសនគរបាលស្រុកកងមាស បានចុះទៅពិនិត្យសាកសព រួចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើរបុណ្យតាមប្រពៃណី និងបន្តជួយស្វែងរកសាកសពជនរងគ្រោះដែលបានបាត់ខ្លួនម្នាក់ទៀតផងដែរ ៕
មតិយោបល់