ភ្នំពេញៈ ខណៈដែលកម្ពុជាបាននាំមកនូវសន្តិភាព និងភាពសុខដុមរមនា ជូនសង្គមជាតិ ក៏បានបើកផ្លូវឲ្យវិស័យ ទេសចរណ៍មានការអភិវឌ្ឍន៏ដោយនិរន្តរភាព និងមានការបែងចែកប្រកបដោយសមធម៌ ជាមួយគ្នានេះ កម្ពុជាបាន ពង្រីកខ្លួនក្នុងឆាកអន្តរជាតិយ៉ាងស៊ីជម្រៅ តាមរយៈការចូលរួមក្នុងសន្និសីទ ការតាំងពិព័រណ៍នានានៅគ្រប់វេទិកា។
ជាក់ស្តែងនៅពេលនេះ កម្ពុជាក៏បានបង្ហាញវត្តមាន នៅក្នុងពិព័រណ៍អន្តរជាតិ EXPO Japan ២០១៦ និងសន្និសីទ អន្តរជាតិ សម្រាប់គោលដៅទេសចរណ៍ប្រកបដោយនិរន្តភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា តាមការអញ្ជើញរបស់គណៈកម្មការរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិ JATA Tourism EXPO ប្រទេសជប៉ុន និងដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាល លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍អន្តរជាតិ EXPO Japan ២០១៦ និងសន្និសីទអន្តរជាតិស្តីពី “ឱកាសថ្មីៗសម្រាប់គោលដៅទេសចរណ៍ប្រកបដោយនិរន្តភាព-ប្រទេសជប៉ុន និងពិភពលោក Global Tourism Forum on “New opportunities for Sustainable Destination-Japan and the world”នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ពិព័រណ៍ទេសចរណ៍អន្តរជាតិ JATA Tourism EXPO Japan គឺជាព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំដ៏ធំមួយ របស់ជប៉ុន សម្រាប់អ្នកកំណត់នយោបាយទេសចរណ៍ធំៗ និងការជួបជុំរវាងប្រត្តិបត្តិករទេសចរណ៍ធំៗ លើសកលលោក។ ឆ្នាំនេះមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំទេសចរណ៍ និងប្រត្តិបត្តិករទេសចរណ៍ និងអ្នកសារព័ត៌មាននៃប្រទេសក្នុងតំបន់ និងពិភពលោកសរុបប្រមាណជាង១ពាន់នាក់ មកពី១៤០ប្រទេស។
ប្រភពខាងលើបញ្ជាក់ថា នេះជាឱកាសមួយដ៏ល្អសម្រាប់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកទាំងមូល ពិសេស គឺទីផ្សារជប៉ុនស្របពេលដែលក្រុមហ៊ុនអាកាសចរជប៉ុន All Nippon Airways – ANA ទើបមានការភ្ជាប់ ការហោះហើរត្រង់លើកដំបូងពីភ្នំពេញ-តូក្យូ-ភ្នំពេញ។
ក្នុងសន្និសីទអន្តរជាតិទេសចរណ៍ លោក Taleb Rifia (តាលិប វីហ្វៃ) អគ្គលេខាធិការអង្គការទេសចរណ៍ ពិភពលោក (UNWTO) លោក David Scowsill ប្រធានក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរ (World Travel and Tourism Council/WTC) បានផ្តោតជាសំខាន់អំពីការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាព ដែលផ្តើមចេញពី ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រឹងការគ្រប់គ្រងគោលដៅទេសចរណ៍ប្រកបដោយគុណភាព ពិសេស ភាពស្អាត និងបៃតង។
បទពិសោធន៍ទាំងឡាយដែលប្រទេសជប៉ុន បានបង្ហាញគឺបើគ្មានការគ្រប់គ្រងប្រកបដោយនិរន្តរភាព គឺគ្មានទេសចរ ពិសេសគឺការយកចិត្តទុកដាក់សំខាន់ដល់ការគ្រប់គ្រងគោលដៅទេសចរណ៍ (Destination Management Organization- DMO) ប៉ុន្តែការគ្រប់គ្រងដោយនិរន្តរភាពនេះ គឺទាមទារចាំបាច់ឱ្យមាននូវការគាំទ្រ និងឯកភាព ខាងឆន្ទៈនយោបាយពីគ្រប់ភាគីពាក់ព័ន្ធ។
លោក Taleb Rifia អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ក៏បានគូសបញ្ជាក់ថា “ជាការពិត ជោគជ័យ នៃការរីកចំរើននៃវិស័យទេសចរណ៍ជប៉ុន គឺបានដោយសារការដឹកនាំ និងចង្អុលណែនាំដោយផ្ទាល់ ពីលោកនាយករដ្ឋ មន្រ្តីជប៉ុន ហ្ស៊ីន ស្សូអាបេ Shinzo Abe ក៏ដូចជានៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននាំមកនូវ សន្តិភាព និងភាពសុខដុមរមនាជូនសង្គមជាតិ ដែលបានបើកផ្លូវឲ្យវិស័យទេសចរណ៍ មានការអភិវឌ្ឍន៏ ដោយនិរន្តរភាព និងមានការបែងចែកប្រកបដោយសមធម៌”។
សូមបញ្ជាក់ថា ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ JATA Tourism Japan នេះ ព្រមជាមួយនឹងស្តង់ពិព័រណ៍ របស់ប្រទេសនានានៅលើពិភពលោក កម្ពុជាក៏បានរៀបចំស្តង់ពិព័រណ៍មួយ ដែលមានការចូលរួមពីប្រត្តិបត្តិករ ទេសចរណ៍ជប៉ុន ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជាផងដែរ៕
មតិយោបល់