ព័ត៌មានជាតិ

ក្រសួងបរិស្ថាននឹងរៀបចំ វេទិកាយុវជនឆ្នើមថ្នាក់ជាតិ ជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន លើកដំបូង នៅថ្ងៃស្អែក ដើម្បីបង្កើនសមត្ថភាពនិស្សិត

ភ្នំពេញៈ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថាន នឹងរៀបចំ “វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន វគ្គដំបូង” នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) វេលាម៉ោង ៨:០០ ព្រឹក ក្រោមវត្តមានលោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថានបានឱ្យដឹងថា នេះជាព្រឹត្តិការណ៍ដំបូងបង្អស់ ដែលក្រសួង បានផ្តួចផ្តើមក្នុងទ្រង់ទ្រាយធំ សម្រាប់និស្សិតកម្រិតបរិញ្ញាបត្រ នៅតាមសាកលវិទ្យាល័យចំនួន១៦ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រកួតពិភាក្សាគ្នា ដោយផ្តោតលើវិស័យកិច្ចគាំពារបរិស្ថាន អភិរក្សជីវចម្រុះ និងអភិវឌ្ឍន៍ដោយចីរភាព ក្នុងគោលបំណងបង្កើនសមត្ថភាពរបស់យុវជន ក្នុងការជជែកវែកញែក និងស្វែងរកលទ្ធផលសិក្សាស្រាវជ្រាវថ្មីៗ អំពីបញ្ហាបរិស្ថាន ដែលផ្តល់ជាគុណតម្លៃដល់ការចែករំលែកចំណេះដឹង និងព័ត៌មានដល់សាធារណជន ដោយអ្នករៀបចំគោលនយោបាយ សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាន ៕

មតិយោបល់