ភ្នំពេញៈ ខណៈដែលពិធីបុណ្យភ្ជុំកាន់តែខិតជិតមកដល់ តារាមួយក្រុមដែលត្រូវគេស្គាល់ថា មកពីGroup «គ្រួសារតារាកម្ពុជា» ត្រូវគេឃើញប្រមូលម្ដុំគ្នាច្រើនគួរសម ដើម្បីធ្វើបុណ្យកាន់បិណ្ឌកាលពីបិណ្ឌ៩ថ្ងៃទី២៥ កញ្ញានៅវត្តរការកោង។
ក្រោយពិធីធ្វើបុណ្យដាក់បាត្រតារាៗទាំងនោះដែលដឹកនាំ ដោយលោកកុយ ស៊ីឌឿន សមាជិកក្នុងGroup និងជាម្ចាស់ផលិតឌីភី ក៏បានចែកសារ៉ុង ខោអាវ ក្រណាត់ និងថវិកាជូនដល់ចាស់ៗ និងអ្នកខ្វះខាតយ៉ាងច្រើនកុះករ ដែលជាអ្នកស្រុកអ្នកភូមិ និងជាចំណុះជើងវត្តនៅម្ដុំរការកោងនោះផងដែរ។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដោយសារតែពេលកន្លង លោកកុយ ស៊ីឌឿន ដែលត្រូវគេស្គាល់ថាជាក្រុមប្រឹក្សារបស់សមាគមន៍សិល្បករខ្មែរផង ក៏បានដឹកនាំតារាចាស់ក្មេងល្បីឈ្មោះធ្វើបុណ្យរួមគ្នា និងចែកទានបែបនេះផងដែរ រៀងរាល់ថ្ងៃភ្ជុំមកដល់។
តារាដែលបានបង្ហាញខ្លួនក្នុងពិធីធ្វើបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តមានរការកោង និងបានចែកអំណោយដល់ចាស់ៗនោះរួមមានអ្នកនាង ស៊ុនណារី ម៉ូនីកា អ្នកនាងម៉ៅ ស៊ីណាត កញ្ញាស្រីពៅមុខឈើ លោកគន់ រៀមរតនៈ លោកអៀម វុត្ថា លោកកុល សំភោ និងតារាប្រុសស្រីវ័យក្មេងជាច្រើនរូបទៀត។
ពិធីនោះលោកកុយ ស៊ីឌឿន ដែលជាអ្នកផ្ដើមពិធី ក៏បានរៀបចំឲ្យតារាសិល្បៈអញ្ជើញចាស់ៗដែលបានទទួលអំណោយពិសារនំបញ្ចុក និងម្ហូបអាហារជាច្រើនផ្សេងទៀត ដើម្បីឲ្យតារាៗដែលមានជីវភាពខ្វះខាតទាំងនោះ បានបង្ហាញភាពស្និទ្ធិស្នាលជាមួយគ្នាផងដែរ។ ការចែកទានដល់ចាស់ៗនេះត្រូវបានតារាសិល្បៈដែលបានចូលរួម ជាពិសេសគឺលោកកុយ ស៊ីឌឿនផ្ទាល់បានអះអាងថាដើម្បីដឹកនាំតារាធ្វើទានមុនថ្ងៃភ្ជុំផង និងដើម្បីបង្ហាញពីការសហការគ្នារវាងតារានិងតារា ក្នុងការធ្វើរឿងល្អក្នុងសង្គមផង៕
មតិយោបល់