ព័ត៌មានជាតិ

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនមនុស្ស២នាក់ ដកហូតថ្នាំញៀន៣កញ្ចប់

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ ធ្វើការចាប់ឃាត់ខ្លួនពីបទជួញដូរ​និង​ប្រើ​ប្រាស់គ្រឿងញៀនខុសច្បាប់ បន្ទាប់ពីរកឃើញថ្នាំញៀន៣កញ្ចប់ធំនិងតូច នៅជាប់នឹងខ្លួនរបស់ជនសង្ស័យ។ ការចាប់ខ្លួននេះបានធ្វើឡើង​កាលពីវេលា​ម៉ោង១០យប់ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចមុខបណ្ណាល័យសម្តេច ហ៊ុនសែន ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ៥៩៨ ក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាមុននឹងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើបានសមត្ថកិច្ចបានដាក់កម្លាំងធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបណ្តឹង​ច្បាប់ចរាចរផ្លូវគោក នៅចំណុចមុខបណ្ណាល័យសម្តេច ហ៊ុន សែន ខណ:នោះស្រាប់តែម៉ូតូ២គ្រឿង បើកបរដោយជនសង្ស័យទាំង២នាក់​ឆ្លងកាត់គោល​ដៅ​ត្រួតពិនិត្យ ត្រូវបានសមត្ថកិច្ចឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ ក៏រកឃើញថ្នាំញៀននៅជាប់នឹងខ្លួនជនសង្ស័យទើប​សមត្ថកិច្ចសម្រេច​ធ្វើការចាប់ឃាត់​ខ្លួនតែម្តង ។ ក្នុងនោះជនសង្ស័យ ទី១ឈ្មោះ សាន់ ទូច ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅចល័តតាមផ្ទះសំណាក់និងផ្ទះបងប្អូន ទីលំនៅពិត​ប្រាកដ​ស្នាក់នៅភូមិព្រៃត្រាំង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ និងជនសង្ស័យទី២ឈ្មោះ មូល ប្រុស ហៅស្រួច ភេទប្រុស អាយុ២៥ឆ្នាំមុខរបរចុងភៅ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ ក្នុងនោះមានធំ១កញ្ចប់និងតូច២កញ្ចប់ ,ទូរស័ព្ទដៃចំនួន២គ្រឿង រួមមាន​ម៉ាក IPhone-5 និង១គ្រឿងទៀតម៉ាក Metfone ,ម៉ូតូចំនួន០២គ្រឿងម៉ាកហុងសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AL-9701 និង០១គ្រឿង​ទឿតម៉ាក Suzuki nex ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1FT-9430 ,និងកូនកាបូបដៃពណ៌ខ្មៅចំនួន១ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំ​រឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់