សៀមរាបៈ កម្លាំងនគរបាលស្រុកប្រាសាទបាគង ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឈានទៅដល់ការឃាត់ខ្លួនអ្នកជល់មាន់ចំនួន២នាក់ អ្នកខ្លះបានរត់គេចខ្លួនបាត់អស់ បន្សល់ទុកម៉ូតូចំនួន១១គ្រឿង និងសម្ភារៈមួយចំនួនទៀត។
លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ ទីតាំងជល់មាន់មួយកន្លែងស្ថិតនៅខាងកើតភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបាន សមត្ថកិច្ចចម្រុះចុះបង្ក្រាប ឃាត់ខ្លួនអ្នកជល់មាន់ចំនួន២នាក់ ក្រៅពីនោះបានរត់គេចខ្លួនបាត់អស់ បន្សល់ទុកម៉ូតូចំនួន១១គ្រឿង និងសម្ភារៈមួយចំនួនទៀត។
លោកបន្តថា បន្ទាប់មកកម្លាំងនគរបាលបាននាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដោយបានធ្វើការអប់រំណែនាំ និងកិច្ចសន្យាលើកទី១ ឲ្យបញ្ឈប់ប្រព្រឹត្តបទល្មើសតទៅទៀត តែបើមិនរាងចាលទេ ពេលសមត្ថកិច្ចចាប់បានលើកទី២ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្នម៉ូត១១គ្រឿង ដែលសមត្ថកិច្ចដកហូតបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំម្ចាស់ម៉ូតូចូលខ្លួនមកធ្វើកិច្ចសន្យាយកត្រឡប់ទៅវិញ៕
មតិយោបល់