ព័ត៌មានជាតិ

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ជួយពលរដ្ឋខ្មែរ៣៤នាក់ ឲ្យវិលមកប្រទេសវិញ ដែលថៅកែថៃ មិនបើកប្រាក់ខែឲ្យ

ភ្នំពេញៈ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានក្នុងប្រព័ន្ធឃោសនា ស្តីពីករណីអាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរខុសច្បាប់ ៣៦នាក់ ដែលទៅធ្វើការបេះផ្លែឈើនៅខេត្តឈៀងម៉ៃ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទាក់ទងនិងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលអន្តោប្រវេសន៍ថៃ ដើម្បីអន្តរាគមន៍ជួយពួកគាត់ត្រឡប់ទៅកម្ពុជាវិញ។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថានអគ្គកុងស៊ុល បានចុះទៅសួរសុខទុក្ខពលរដ្ឋខ្មែរទាំង ៣៤នាក់ (មនុស្សធំ ២៧នាក់ និងក្មេង៧នាក់) ពុំមែន៣៦នាក់ទេ នៅទីស្នាក់ការអន្តោប្រវេសន៍ខេត្តច័ន្ទបុរី។ ពួកគាត់បានឲ្យដឹងថា កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦ ពួកគាត់បានចូលទៅប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិដូង(បាត់ដំបង)-បានឡែម(ខេត្តច័ន្ទបុរី) ដោយប្រើប័ណ្ណចេញចូលប្រចាំថ្ងៃ។ នៅថ្ងៃដដែលមានមេខ្យល់ជនជាតិថៃ បញ្ចុះបញ្ចូលពួកគាត់ទៅធ្វើការងារបេះផ្លែមៀន និងផ្លែតាង៉ែន នៅខេត្តឈៀងម៉ៃ។

ពេលធ្វើការបាន១ខែកន្លះ ថៅកែពុំបើកប្រាក់ឈ្នួលឲ្យ ហើយបានដឹកពួកគាត់យកទៅទម្លាក់ចោលនៅកន្លែងស្ងាត់នៅក្នុងខេត្តឡាំភូន ភាគខាងជើងប្រទេសថៃ រួចគេចខ្លួនបាត់។ ដោយមានការជួយកអាសារពីអ្នកស្រុកថៃ នៅថ្ងៃទី ១០ កញ្ញា ២០១៦ ពួកគាត់បានធ្វើដំណើរមកដល់ផ្លូវជាតិ ប្រទះនឹងនគរបាលខេត្ត ហើយក៏នាំពួកគាត់មកឃុំឃាំងសាកសួរព័ត៌មាន និងបានបញ្ជូនមកអន្តោប្រវេសន៍ខេត្តច័ន្ទបុរី។ ដោយពលរដ្ឋទាំងនេះ ជាជនឆ្លងដែនខុសច្បាប់ នគរបាលថៃបានសំរេចបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ។

ស្ថានអគ្គកុងស៊ុល បានសហការជាមួយនគរបាលអន្តោប្រវេសន៍ខេត្តច័ន្ទបុរី ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខែ្មរទាំង៣៤នាក់ ត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិដូង-បានឡែម នៅថ្ងៃទី ២២ កញ្ញា ឆ្នាំ២០១៦។ ជាមួយគ្នានេះដែរ ស្ថានអគ្គកុងស៊ុល បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធថៃជួយរកមុខសញ្ញាជនជាតិថៃដែលជាមេខ្យល់ មកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់