ព័ត៌មានជាតិ

មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសំរាប់ការអភិរក្សវប្បធម៌ ផ្តល់ថវិកាដល់ក្រសួងវប្បធម៌

ភ្នំពេញ: ដោយមើឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដោយមិនខ្លាចនឿយហត់ ដើម្បីអភិរក្ស បេតិកភណ្ឌវប្បធម៌របស់ខ្មែរ មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសំរាប់ការអភិរក្សវប្បធម៌(AFCP)នៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៦ បានផ្តល់ថវិកាចំនួន ១២១ ៧៤៥ ដុល្លារអាមេរិក ដល់ក្រសួងប្បធម៌ និងវិចិត្រសិល្ប:សម្រាប់អនុវត្តគម្រោងរយ:ពេល២ឆ្នាំលើការថែរក្សាវប្បធម៌ និងធ្វើផែនការហានិភ័យលើប្រាសាទបុរាណខ្មែរនៅតំបន់ភាគខាងត្បូងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា ផ្តល់ថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌នៅភ្នំដា ខេត្តតាកែវ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Wiiam Heidt មានប្រសាសន៍ថា “សុទ្ធីហើយនិងខ្ញុំមានសេចក្តីរីករាយក្នុងការចូលរួមជាមួយរដ្ឋាភិបាកម្ពុជានាថ្ងៃនេះ ដើម្បីចុះហត្ថលេខាលើអំណោយថវិកា សំរាប់ជួយក្រសួងវប្បធម៌ក្នុងការចងក្រងឯកសារ ស្តីពី ប្រាសាទចំនួន២៤ដែលត្រូវបានសង់ពីសតវត្សទី៦ និងទី៧នៅក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង ត្បូងឃ្មុំ និងតាកែវ”។ គម្រោងនេះនឹងបង្កើនការយល់ដឹងទៅលើបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា ហើយជួយក្នុងការខិតខំអភិរក្សទីតាំងដ៏សំខាន់ទាំងនេះ។

លោកឯកអគ្គរដ្ឋទូតមាប្រសាសន៍ទៀតថា នេះគឺជាអំណោយថវិកាលើកទី១៨របស់ AFCP ដែលប្រទេសកម្ពុជាបានទទួលគិតតាំងពីឆ្នាំ២០០១មក ដែលជាការបង្ហាញឲ្យឃើញនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ AFCP ចំពោះការអភិរក្សវប្បធម៌នៅកម្ពុជា។ នៅក្នុងរយ:ពេល១៥ ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយប្រាក់ចំនួន៣,៨លានដុល្លាអាមេរិកទៅលើកម្មវិធីនានា ដែលទ្រទ្រង់ការអភិរក្សបេតិកភណ្ឌវប្បធម៌ រាប់ពីយុទ្ធនាការប្រឆាំងនឹងការលួចប្លន់ ដល់ការវិភាគទិន្នន័យ ដល់ការងារអភិរក្ស នៅតាមទីតាំងនានា ដូចជានៅប្រាសាទភ្នំបាក់ខែងនៅអង្គរ។ នៅឆ្នាំ២០០៣មូលនិធិAFCPបានជួយដល់ការសិក្សាស្រាវជ្រាវផ្នែកបូរាណវិទ្យា ដើម្បីរកមើលទំនាក់ទំនងរវាងភូមិករនៅសម័យបូរាណនៅភ្នំបូរី និងភូមិករនៅអង្គរបូរី។

លោកបន្តទៀតថា សហរដ្ឋអាមេរិកមានមោទនភាព ក្នុងការជួយដល់ការខិតខំរបស់កម្ពុជា ដើម្បីការពារ ចងក្រងឯកសារនិងបង្ហាញដល់ក្រុមមនុស្សដទៃនូវបេតិកភណ្ឌវប្បធម៌ដ៏ពិសេសរបស់កម្ពុជា។ ស្ថានទូតសហរដ្ឋអាមេរិកអបអរសាទរការខិតខំក្នុងការនាំត្រឡប់មកប្រទេសកម្ពុជាវិញ នូវវត្ថុបូរាណដែលត្រូវបានគេលួចឆក់ប្លន់យកទៅនិងការខិតខំក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរគ្នាទៅវិញទៅមក¬ ដែលបានជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌បានថ្លងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការចូលរួមថែរក្សា ការពារបេតិកភ័ណ្ឌវប្បធម៌របស់ខ្មែរ តាមរយ:ការគាំទ្រថវិកានាពេកន្លងមក បច្ចុប្បន្ន និងទៅអនាគត ពិសេសគម្រោងរយ:ពេល២ឆ្នាំ លើការថែរក្សាវប្បធម៌ និងធ្វើផែនការហានិភ័យលើប្រាសាទបុរាណខ្មែរនៅតំបន់ភាគខាងត្បូងប្រទេសកម្ពុជា ចាប់ពីខែកញ្ញាឆ្នាំ២០១៦ដល់ខែសីហាឆ្នាំ២០១៨ ។

លោកស្រីរដ្ឋមន្រ្តីបញ្ជាក់ថា សហរដ្ឋអាមេរិកបានជួយលើគម្រោងថែរក្សា និងបានជួយកម្ពុជាឱ្យយកបានមកវិញនូវវត្ថុបូរាណនានាកាលពីពេលកន្លងមកក៏ដូចជាកំពុងបន្តដោយពេញទំហឹង ព្រមទាំងបានចុះកិច្ចសហប្រតិបត្តិការគ្នា ក្នុងការថែរក្សា ការពារនិងអភិរក្ស វត្ថុបូរាណ ប្រាង្គប្រាសាទ និងគម្រោងធ្វើកំណែសង្រ្គោះ ការជួសជុលប្រាសាទ ក្រោមជំនួយថវិការបស់សហរដ្ឋអាមេរិកផងដែរ៕

photo_2016-09-26_23-32-35

photo_2016-09-26_23-32-38

photo_2016-09-26_23-32-40

photo_2016-09-26_23-32-41

photo_2016-09-26_23-32-43

មតិយោបល់