ផ្ទះ ព័ត៌មានជាតិ ក្រសួងពាណិជ្ជ...

ក្រសួងពាណិជ្ជកម្ម និង សាកលវិទ្យា័យអាមេរិកាំងភ្នំពេញ ចាប់ដៃគ្នា អនុវត្តគម្រោង Microsoft នៅកម្ពុជា

0

ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម និង សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) បានចាប់ដៃគ្នាដើម្បីអនុវត្ត គម្រោង Microsoft នៅកម្ពុជា លើផែ្នកព័ត៌មាន បទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងពាណិជ្ជកម្ម ក្នុងវិស័យអប់រំ និងការអនុវត្តគម្រោងបកប្រែមកជាភាសាខែ្មរ (Translator Hub-Khmer)។

នៅឯពិធីចុះហត្ថលេខានៅសាកលវិទ្យាល័យ AUPP នៅរសៀលថៃ្ងច័ន្ទ លោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានមានប្រសាស្រ្តថា “កិច្ចសហការនេះនឹងដើរតួនាទីយ៉ាងសំខាន់ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទៅដល់អ្នកប្រើប្រាស់ក្នុងសង្គម។ AUPP ជាសាកលវិទ្យាល័យតែមួយគត់ដែលក្រសួងពាណិជ្ជកម្មបានសម្លឹងឃើញ ដែលផ្តល់នូវធនធានមនុស្សប្រកបដោយគុណភាព ។ នេះ ជាឱកាសដ៏ប្រពៃសម្រាប់និស្សិត AUPP ក្នុងការសហការជាមួយ Microsoft តាមរយ:ក្រសួងពាណិជ្ជ កម្ម” ។
ដោយឡែក លោកសាស្រ្តាចារ្យបណ្ឌិត Nial Farrell សាកលវិទ្យាធិការស្តីទី ទទួលបន្ទុកកិច្ចការសិក្សារបស់AUPP មានប្រសាសន៍ថា “សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលទទួលបានឱកាសដ៏ថ្លៃថ្លាជាដៃគូរសហប្រតិបត្តិការលើគម្រោងបកប្រែ Translation Hub-Khmer ក៏ដូចជាគម្រោងផ្សេងៗទៀតជាមួយក្រសួងពាណិជ្ជកម្ម។ និស្សិតនៅ AUPP បានត្រៀម ខ្លួនជាស្រេចដើម្បីអនុវត្តគម្រោងនេះ ហើយពួកគេបានបណ្តុះគំនិតក្នុងការចែករំលែកចំណេះដឹងដើម្បី អភិវឌ្ឍប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត”។

បើតាមខ្លឹមសារចុះហត្ថលេខានោះបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) បានចុះកិច្ចព្រមព្រៀងជាមួយគ្នាចំនួនពីរ កាលពីខែកក្កដា និងខែសីហា ឆ្នាំ២០១៦ នេះ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានវិទ្យា រួមមានការជំរុញនិងពង្រឹងការប្រើប្រាស់កម្មវិធី កុំព្យូទ័រនិងកម្មវិធីការពារសុវត្ថិភាព ដែលមិនលួចចម្លង (Genuine Software) ការបណ្ដុះបណ្ដាល និងចែករំលែកចំណេះដឹងទាក់ទងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត (Cyber-crime and cyber-security) និងការផ្ដល់ព័ត៌មានអំពីបច្ចេកវិទ្យាថ្មីៗ។ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ម៉ៃក្រូសូហ្វ នឹងអនុវត្តគម្រោងបកប្រែក្នុងការប្រាស្រ័យទាក់ទងក្នុងកម្មវិធីនានារបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ (Translator Hub-Khmer)។

ដើម្បីអនុវត្តម្រោងខាងលើ ក្រសួងពាណិជ្ជកម្មបានសម្លឹងមើលស្ថាប័នអប់រំមួយចំនួន ដែលអាចអនុវត្តគម្រោងនេះបាន ហើយក៏សម្រេចចាប់ដៃជាមួយ AUPP ដើម្បីធ្វើសហប្រតិបត្តិការលើ គម្រោង Translator Hub-Khmer ក្នុងនាមជាដៃគូមួយរបស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុន ម៉ៃក្រូសូហ្វ ក្នុងបំណងចែករំលែកព័ត៌មាន បទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងពាណិជ្ជកម្ម ក្នុង វិស័យអប់រំ និងកសាងសមត្ថភាពរបស់មន្ត្រីក្រសួងពាណិជ្ជកម្ម តាមរយ:កម្មវិធីបណ្ដុះបណ្ដាលរបស់ AUPP។

សូមបញ្ជាក់ថា AUPP ផ្ដល់ធនធានមនុស្ស ជំនាញការ និងធនធានដទៃទៀត ដើម្បីវាយបញ្ចូលទិន្នន័យ ជាឃ្លា និងប្រយោគ យ៉ាងតិច ១០០.០០០ ឃ្លា (ជាភាសាខ្មែរ និងអង់គ្លេស) ដែលនឹងត្រូវប្រើសម្រាប់ការបកប្រែនៅក្នុងប្រព័ន្ធកុំព្យូទ័រ និងកម្មវិធីនានារបស់ម៉ៃក្រូសូហ្វ បន្ទាប់មកត្រូវចូលរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំនិងអនុវត្តកម្មវិធីបណ្ដុះបណ្ដាល សមត្ថភាព ដល់មន្ត្រីរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ AUPP ត្រូវបានគេទទួលស្គាល់ថាជា សាកលវិទ្យាល័យឈានមុខគេនៅកម្ពុជា លើគុណភាពអប់រំ និងជា សាកលវិទ្យាល័យតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលចេញសញ្ញាបត្រថ្នាក់បរិញ្ញាបត្រពីសហរដ្ឋ អាមេរិក៕

photo_2016-09-26_23-32-45

photo_2016-09-26_23-32-48

photo_2016-09-26_23-32-49

Loading...