ភ្នំពេញ : បុរសម្នាក់សង្ស័យស្រវឹង បានមកវាយកម្លាំងសមត្ថកិច្ចនៅពេលដែលកំពុងបំពេញការគ្រោះថ្នាក់ចរាចរ កាលពីវេលាម៉ោង ជាង១០យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចមុខផ្ទះលេខ៥០៩ ផ្លូវបេតុង ក្រុមទី៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចយើងបានចុះមកអន្តរាគមន៍ករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងពេលបំពេញការងារនោះ ស្រាប់តែមានបុរសម្នាក់បានស្ទុះមកវាយ កម្លាំងសមត្ថកិច្ចយើង បណ្តាលឲ្យបែកមាត់ចេញឈាម។
សមត្ថកិច្ច បន្តថា ករណីគ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីម្ចាស់ម៉ូតូ សណ្តោងរ៉ឺម៉ក បើកបរក្នុងស្ថានភាពស្រវឹង ហើយបានបើកទៅប៉ះជាមួយរថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7086 បណ្តាលឲ្យបែកកញ្ចក់ខាងឆ្វេងនិងឆ្កូតទ្វារខាងឆ្វេង ម្ចាស់រថយន្តមានឈ្មោះ នៅ ណារ៉ា អាយុ ៤១ឆ្នាំ ចំណែកឯម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉ក មានឈ្មោះ ឈាង ប៊ុនធី អាយុ២៩ឆ្នាំ មានជាតិស្រវឹង បានស្រែកឡូរឡារ ហើយបានរកវាយមកលើម្ចាស់រថយន្ត ពេលនោះ ម្ចាស់រថយន្តក៏បានសុំការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចយើង ហើយពេលដែលកម្លាំងសមត្ថកិច្ចយើងចូលទៅឃាត់នោះ ស្រាប់តែមានឈ្មោះ ហុង សែ អាយុ៣៧ឆ្នាំ បានស្ទុះមកវាយកម្លាំងសម្ថកិច្ចយើង ឈ្មោះ ជូន អូស្ត្រាលីខេមន្និ បណ្តាលឲ្យរងរបួសបែកមាត់ចេញឈាម ភ្លាមនោះ កម្លាំងសម្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនិតិវិធី៕
មតិយោបល់