ព្រៃវែងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យស្ដ្រីម្នាក់និងកូនតូច២នាក់រងរបួសធ្ងន់ស្រាល ខណៈភាគីម៉ូតូបង្កជិតដល់ថ្ងៃចូលរោងការផងនោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ8 ត្រង់ចំនុច ភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងគេឃើញម៉ូតូហុងដា ឌុបគ្នា៤នាក់ប្ដីប្រពន្ធ និងកូន២នាក់ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកនិច ដែលបានបត់ឆ្វេងនិងមានទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលរណូករណែល។
ប្រភពពីលោក ឌួង សែ អាយុ៦១ឆ្នាំ ដែលមានទីលំនៅ ភូមិព្រៃរំដេងលិច ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបើកម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1G-0115 ស៊េរីឆ្នាំ២០១០ ដែលដឹកប្រពន្ធឈ្មោះ រឿន សារ៉េត អាយុ៤៥ឆ្នាំ និងកូនតូច២នាក់ ក្នុងទិសដៅពីលិចទៅកើតពីភ្នំពេញមកផ្ទះ ពេលមកដល់ចំណុចកើតហេតុស្រាប់តែបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាក ស៊ុយសាគី និច ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FB-6334 បើកបរដោយឈ្មោះ ថន សិលា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិត្នោត ឃុំ ស្រុក ខាងលើ ដែលបើកក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យដួលម៉ូតូទាំង២ និងរងរបួសប្រពន្ធ និងកូនតូច២នាក់ទៀត ឯម៉ូតូរងការខូចខាតទាំងសងខាង ចំណែកអ្នកបើកម៉ូតូម៉ាក និច បានរងរបួសស្រាល ខណៈជិតដល់ថ្ងៃចូលរោងការផងនោះ។
ពាក់ពន្ធ័ករណីនេះលោក ស៊ឹម កុសល អធិការស្រុកពារាំងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺសាម៉ីខ្លួនទាំងសងខាងសុំធ្វើការសម្របសម្រួលនិងផ្ដល់សំណង ដោយខ្លួនឯង៕
មតិយោបល់