សៀមរាបៈ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពរបស់បុរសម្នាក់ ដេកស្លាប់នៅចម្រាក់ផ្លូវ ដោយមិនដឹងមូលហេតុបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចត្រង់ចម្រាក់ផ្លូវ៦០ម៉ែត្រ ចម្ងាយពីរង្វង់មូលព្រៃគុយ ប្រហែល៣គីឡូម៉ែត្រ ក្នុងក្រុមទី៤ ភូមិត្រពាំងរុន សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានប្រទះឃើញសាកសពរបស់បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ បានដេកស្លាប់នៅចម្រាក់ផ្លូវ ទើបបង្ករឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចោមរោមមើល និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ភ្លាមៗតែម្តង ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍នេះរួចមកសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនឹងនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យ ចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះ មានវ័យប្រហែលជាង២០ឆ្នាំ ត្រូវបានជនមិនស្គាល់មុខបាញ់ចំនួនមួយគ្រាប់ចំក ធ្លាយមកខាងក្រោយ ហើយនៅជាប់នឹងខ្លួនរបស់ជនរងគ្រោះមានសំបុត្រឡានក្រុងចំនួន០១សន្លឹកផងដែរ ។ ប៉ុន្តែយ៉ាងក្តីចំពោះការស្លាប់របស់ជនរងគ្រោះខាងលើនេះ សត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ត ថាតើករណីនេះជាករណីអ្វីឲ្យប្រាកដ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅវត្តគោកចាន់ ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់