ព័ត៌មានជាតិ

ក្រសួងកសិកម្មគាំទ្រ និងជំរុញការបង្កើតទីតាំងទេសចរណ៍ នៅក្បែរកោះរ៉ុង និងរ៉ុងសន្លឹម

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យលោក Mark Rose នាយកប្រតិបត្តិអង្គការ សត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ពីវឌ្ឍនភាពគម្រោង ដោយបានគាំទ្រគម្រោងបង្កើតទីតាំងទេសចរណ៍នៅក្បែរកោះរ៉ុង និងរ៉ុងសន្លឹម ដើម្បីភាពប្រសើរឡើង។

លោក Mark Rose បានជម្រាបជូនថា «អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ បានទទួលការសហការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាំង​ពីឆ្នាំ១៩៨៨ជាពិសេសជាមួយរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើគម្រោងជាច្រើនដែលរួមមាន គម្រោង​បង្កើតនិងគ្រប់គ្រងតំបន់ជលផលសមុទ្រនៅប្រជុំកោះរ៉ុងនិងកោះរ៉ុងសន្លឹម ,គម្រោងអភិរក្សអណ្ដើកសមុទ្រ , គម្រោងអភិរក្សក្រពើកម្ពុជា និង​គម្រោងអភិរក្សដំរីព្រៃកម្ពុជា»។

លោកបន្តថា បច្ចុប្បន្នអង្គការកំពុងចាប់អារម្មណ៍ខ្លាំងទៅលើការពង្រឹងសមត្ថភាពសហគមន៍ជលផល និងអភិរក្សធនធានជលផលសមុទ្រ ប៉ុន្តែស្នើឲ្យក្រ​សួងជួយគាំទ្រ និងជម្រុញការបង្កើតជាទីតាំងទេសចរណ៍នៅក្បែរកោះរ៉ុង និងរ៉ុងសន្លឹម ដើម្បីអាចប្រមូលបាននូវចំណូលពីអ្នកទេសចរណ៍​មុជទឹក​កំ​សាន្ត មើលផ្កាថ្ម ក្នុងការបន្តគាំទ្រដល់ការការពារ និងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព។

រដ្ឋមន្រ្តីកសិកម្ម លោក វេង សាខុន បានសម្តែងការកោតសរសើរចំពោះអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងការពារ និងអភិ​រក្សនូវធនធានជលផលសមុទ្រដល់កម្ពុជា។ លោករដ្ឋមន្រ្តីបានគាំទ្រដល់គម្រោងរៀបចំទីតាំងទេសចរណ៍កោះរ៉ុង និងរ៉ុងសន្លឹម ដើម្បីជាម៉ូដែលក្នុងការ​រកចំណូល តែត្រូវមានការសិក្សាឲ្យបានច្បាស់លាស់អំពីគោលការណ៍វិនិយោគរបស់ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍នៅលើទីតាំងទាំងនោះ ដើម្បីជៀសវាង​ការត្រួតគ្នានិង ផលប៉ះពាល់នូវគម្រោងទាំងនេះ។

លោករដ្ឋមន្រ្តី បានស្នើឲ្យអង្គការចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការសិក្សាពីលទ្ធភាពនៃការបង្កើនកម្រិតជីវភាពសហគមន៍ព្រៃឈើ ដើម្បីកាត់​បន្ថយ​ភាពក្រីក្រ ឆ្លើយតបទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ច និងធានាបាននូវការគ្រប់គ្រងព្រៃប្រកបដោយនិរន្តភាព តាមរយៈបង្កើតការងារកសិកម្មបន្ថែម​ដល់​សហគមន៍ ដូចជា ការចិញ្ចឹមសត្វគោ ការដាំដំណាំ។

សូមបញ្ជាក់ថា អង្គការនេះនឹងបន្តជួយធ្វើការសិក្សាបន្ថែមនូវលទ្ធភាពនៃការវិនិយោគលើរមនីយដ្ឋានទេសចរណ៍ នៅក្នុងសមុទ្រដែលស្ថិតនៅក្បែរទីតាំង​កោះរ៉ុង និងរ៉ុងសន្លឹម ក្នុងទស្សនៈរក្សានូវតុល្យភាពការអភិវឌ្ឍន៍ និងការអភិរក្ស ដោយសហការជាមួយអង្គភាពជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រ​មាញ់និងនេសាទ៕

ក្រសួងកសិកម្មក្រសួងកសិកម្មក្រសួងកសិកម្មក្រសួងកសិកម្មក្រសួងកសិកម្មក្រសួងកសិកម្ម

មតិយោបល់